បុរសម្នាក់ទិញថ្នាំញៀនមកលក់បន្តត្រូវនគរបាលស្រុកកោះធំ វ៉ៃខ្នោះ

ដោយ៖ភាវុន

កណ្តាល៖ជនសង្ស័យម្នាក់ត្រូវប៉ូលិសស្រុកកោះធំឃាត់ខ្លួនក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី១៥ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៨និង៤០នាទីនៅចំណុចភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យឈ្មោះ លឹម ឡា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាលមុខរបរមិនពិតប្រាកដ។ ធ្វើតេស្តរហ័សរកកូវីដ១៩លទ្ធផលអវិជ្ជមាន,ធ្វើតេស្តរកសារធាតុញៀនក្នុងទឹកនោមលទ្ធផលវិជ្ជមាន(+)។

វត្ថុតាងចាប់យកមាន ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកក(ice)ចំនួន០៣ កញ្ចប់តូច, ទូរសព្ទដៃម៉ាកOPPOពណ៌ខៀវចាស់ចំនួន០១គ្រឿងនិងម៉ូតូម៉ាក PULSAR ពណ៌ខៀវមានស្លាកលេខភ្នំពេញ1FI-4855 ។

សមត្ថកិច្ចបានបន្តថា កាលពីថ្ងៃទី១៥ខែតុលាឆ្នាំ២០២១ វេលាម៉ោង០៨និង៤០នាទី មានប្រជាពលរដ្ឋល្អ គាត់បានផ្តល់ព័ត៌មានមកលោកអធិការប៉ូលិសស្រុកកោះធំ ថា «មានមុខសញ្ញាកំពុងតែធ្វើសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល»។

ក្រោយពេលទទួលបានព័ត៌មានរួចលោកអធិការបានដឹកនាំកម្លាំងសមត្ថកិច្ចអន្តរាគមន៍ចុះទៅបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មបានម្នាក់ឈ្មោះលឹម ឡា ហើយដកហូតបានម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកក(ice)ចំនួន០៣ កញ្ចប់តូចនៅក្នុងហោប៉ៅខោរបស់ជនសង្ស័យដែលបានយកមកទុកលក់និងចែកចាយបន្តឱ្យទៅគេ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា«ម្សៅក្រាមសថ្លាសង្ស័យជាសារ ធាតុញៀនម៉ាទឹកកកនេះគឺរូបគាត់បានទៅទិញពីអ្នកលក់ថ្នាំញៀនម្នាក់ឈ្មោះ ហៃ ប៉ុក ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកប៉ាល់គឿង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ដោយបានទិញថ្នាំញៀនចំនួន០៣កញ្ចប់តូចក្នុងតម្លៃ៦០០០០ម៉ឺនរៀល (ប្រាំមួយម៉ឺនរៀល)ដើម្បីយកមកទុកលក់និងចែកចាយបន្តឱ្យទៅគេ»៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *