កណ្តាល ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់ស្វាយ បានសហការជាមួយកម្លាំង នគរបាលជំនាញផ្នែកគ្រឿងញៀនស្រុកកៀនស្វាយ បានចុះឃាត់បុរសម្នាក់តាមដីកា ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃសុក្រទី១៥តុលាឆ្នាំ២០២១ វេលាម៉ោង១០និង៤០នាទី នៅចំណុច ភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។នគរបាលនិយាយថា ជនត្រូវចោទ ឈ្មោះ គ្រី វ៉ាន់ណែត ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ មានទីលំនៅភូមិ ព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោម, អវិជ្ជមានកូវីដ-១៩(-)។
នគរបាលបន្តថា ការចាប់ខ្លួនយោងតាមដីកាទី១-បង្គាប់ឱ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាលចេញដោយលោក ហុក វ៉ាន់ធីណា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាលលេខ៤៩៣ ដកបចខ ចុះថ្ងៃទី១៥/០៧/២០១៥ និងដីកាទី២-ចេញដោយលោក ទី សំណាង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល លេខ ០៤៦ដក.ប.ចខ/១៩ចុះ ថ្ងៃទី២៨/០១/២០១៩ដែលបង្គាប់ឱ្យចាប់ខ្លួនឈ្មោះ គ្រី វ៉ាន់ណែត ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ មានទីលំនៅភូមិ ព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយកាលពីថ្ងៃទី ២៧ ខែមេសាឆ្នាំ២០១៥ និងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨។ ចំពោះជនសង្ស័យបានបញ្ជូនមកកាន់អធិការរដ្ឋានប៉ូលិសស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធី ៕ ដោយ ភាវុន