កំពង់ធំ៖ សហគមន៍កសិកម្មចំនួន១១កន្លែងនៅខេត្តកំពង់ធំ ទទួលបានឧបករណ៍ដាំគ្រាប់ស្រូវពីមន្ទីរកសិកម្មខេត្ត ដើម្បីបង្ក លក្ខណៈ ងាយស្រួលដល់កសិករ តាមរយៈពន្លឿន ដល់ការងារបង្កបង្កើនផលស្រូវឱ្យបានលឿន និងកាត់បន្ថយការប្រើកម្លាំងពលកម្ម ។
លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំបានឲ្យដឹងថា ការផ្តល់ឧបករណ៍ដាំគ្រាប់ស្រូវ ដល់សហគមន៍ ចំនួន១១នេះ ដើម្បីផលិតពូជស្រូវឱ្យមានគុណភាព ដែលគាំទ្រដោយគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់ទន្លេសាបជំហាន២ នៅស្ថានីយ៍កសិកម្មបល្ល័ង្ក ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោកបានបន្តថា ម៉ាស៊ីនដាំគ្រាប់ស្រូវនេះ មានមុខងារដាំស្រូវបានល្អ ហើយក្រោយពីការដាំដុះ ស្រូវមានការលូតលាស់បានល្អ និង ដុះត្រង់ជួរ ដែលងាយស្រួលក្នុងការថែទាំ ដែលធ្វើឲ្យស្រូវទទួលបានពន្លឺថ្ងៃគ្រប់គ្រាន់និងសុខភាពល្អ ។
«ការចែកហ្នឹងមានឧបករណ៍១១គ្រឿងចែកទៅតាមសហគមន៍ចំនួន១១សហគមន៍នៅទូទាំងខេត្តហើយឧបករណ៍នេះ ជាឡាយស៊ីតដ័រវាជាឧបករណ៍ស្វ័យប្រវត្តិហើយអត្ថប្រយោជន៍វាគឺយើងប្រើគ្រាប់ពូជតិចជាងព្រោះ ដែលប្រជាជនគាត់ទម្លាប់ព្រោះដៃ គឺប្រើគ្រាប់ពូជតិចជាងស្មើជាងហើយវាមានភាពងាយស្រួលក្នុងការគ្រប់គ្រងថែទាំនិងទទួលបានទិន្នផលខ្ពស់»។
លោកបានបន្ថែមថា បើតាមការពិសោធន៍ កន្លែងផ្សេងៗកន្លងមកយើងឃើញថា កសិករពេលគាត់ដាំដុះគ្រាប់ពូជស្រូវ ដោយម៉ាស៊ីននេះ គឺទិន្នផលមានការកើនឡើង បើប្រៀបធៀបនឹងបច្ចេកទេស ដែលគាត់ព្រោះគ្រាប់ពូជស្រូវដោយដៃធម្មតា៕