ដោយ៖សុក្ខារិន
ខេត្តកំពង់ឆ្នាំង៖មន្រ្តីរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង បានប្រគល់ឈើគ្រឿងផ្ទះចំនួន៨ម៉ែត្រគឺបទៅឱ្យគ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះវិញហើយកាលពីថ្ងៃទី៦ខែតុលាឆ្នាំ២០២១ នេះ បន្ទាប់ពីមន្ត្រីរដ្ឋបាលព្រៃឈើស្រុកបរិបូណ៌បានឃាត់ទុកឈើរបស់ពួកគាត់និងគោយន្តពីរគ្រឿងរយះពេលជិត២០ថ្ងៃ កន្លងទៅ។
លោកតា តឹក គឹមឡាយ ជាម្ចាស់ឈើ មានទីលំនៅក្នុង ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា បន្ទាប់ពីមានអ្នកសារព័ត៌មានក្នុងស្រុក បានធ្វើការចុះផ្សាយបន្តបន្ទាប់នូវការ សំណូមពររបស់ក្រុមគ្រួសារលោកតា ដោយស្នើសុំឲ្យអាជ្ញាធរ មេត្តាប្រគល់ឈើមកឱ្យក្រុមគ្រួសារគាត់វិញ ដើម្បីនិងបានសង់លំនៅឋានរួចមក មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានសម្រេចប្រគល់ឈើ និងគោយន្តមកឲ្យគ្រួសាររបស់លោកតាវិញ ដើម្បីឱ្យលោកតាបានសាងសង់លំនៅឋានសម្រាប់ជាទីជម្រកឡើងវិញ និងធ្វើឯកសារពាក់ព័ន្ធផ្សេងៗតាមក្រោយ ដោយសារតែលោកតាកំពុងត្រូវការឈើយកមកសង់ទីជម្រកស្នាក់នៅជាចាំបាច់ឱ្យកូនចៅរស់នៅ។
សូមបញ្ជាក់ផងដែរថាផ្ទះលោកតាដែលឆេះកាលពី ថ្ងៃទី 17 ខែកក្កដា ឆ្នាំ 2021។
ក្នុងឱកាសនេះដែរ លោកតាជាតំណាងក្នុងគ្រួសារដែល មានសមាជិក១៥នាក់នៅក្នុងផ្ទះនេះ លោកតាសុំថ្លែងអំណរគុណដ៏យ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរមូលដ្ឋាន ជាពិសេស លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តដែលលោកមានការយោគយល់ដល់គ្រួសារលោកតាដោយបានប្រគល់ឈើមកឲ្យគ្រួសារលោកតាវិញបានទាន់ពេលដើម្បីបានរៀបចំសង់លំនៅឋានក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕