កំពង់ចាម : ផ្អែកតាមស្ថានភាព នៃការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ នាប៉ុន្មានថ្ងៃ កន្លងមក នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំង និងជម្ងឺកូវីដ ១៩ បានដឹកនាំក្រុមការងារ ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យស្ថានភាពឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ នៅស្រុកចំការលើ និងស្រុកស្ទឹងត្រង់ ។
តាមរបាយការណ៍បញ្ជាក់ របស់អាជ្ញាធរស្រុកទាំង ២ បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ស្រុកមានការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ ធ្ងន់ធ្ងរគួរឲ្យព្រួយបារម្ភ ក្នុងនោះមានការឆ្លងនៅក្នុងសហគមន៍ តាមទីផ្សារ សាលារៀន និងវត្តអារាម ផងដែរ ។ ជារួមមកដល់ពេលនេះ នៅក្នុងស្រុកចំការលើ មានអ្នកឆ្លងជម្ងឺកូវីដ ១៩ សរុបចំនួន ៧១៨នាក់ ស្លាប់ ០៩នាក់ ។ ដោយឡែក ក្នុងស្រុកស្ទឹងត្រង់ មានអ្នកឆ្លងជម្ងឺកូវីដ ១៩ សរុបចំនួន ៦៧៣នាក់ ស្លាប់ ១៣នាក់ ។
នាឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា មានប្រសាសន៍ថា កាលយប់មិញ ប្រមុខរាជរដ្ឋាភិបាលបានណែនាំបន្ថែម គឺមិនតម្រូវឲ្យធ្វើការយកសំណាក តាមរយៈ រ៉ាពីតតេស្ត បន្តទៀតឡើយ ។ ផ្ទុយទៅវិញ គឺត្រូវយកសំណាករាល់ចំពោះអ្នកសង្ស័យ ទៅពិនិត្យក្នុងម៉ាស៊ីន PCR វិញ ដោយត្រូវកំណត់ទីកន្លែងមួយច្បាស់លាស់ ផងដែរ ។ ឯកឧត្ដម បញ្ជាក់ដែរថា ចំពោះមុខ ជាការជំនួសការធ្វើរ៉ាពីតេស្ត យើងប្រើប្រាស់មន្ទីរពេទ្យខេត្តកំពង់ចាម ដើម្បី ពិនិត្យសំណាក ព្រោះថា ម៉ាស៊ីននៅទីនេះ យើងអាចធ្វើការពិនិត្យសំណាក បានប្រមាណជា ១០០នាក់ ក្នុង ១ថ្ងៃ ក៏ប៉ុន្តែ បើសង្ស័យថា ជាករណី ដែលតា យើងត្រូវផ្ញើសំណាកនេះ ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ ហើយត្រូវរង់ចាំរយៈពេល ៣ថ្ងៃ ផងដែរ ។ ឯកឧត្ដម មានប្រសាសន៍ថា ការអនុវត្តសំណាកនេះ គឺធ្វើទៅលើគោលដៅ ២ គឺ ៖ ១.អ្នកដែលយើងសង្ស័យ ហើយអាជ្ញាធរមូលដ្ឋាន ត្រូវរាយការណ៍ មកមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព ដើម្បី បញ្ជូនពួកគាត់មកពិនិត្យសំណាក ម៉ាស៊ីន PCR ។ និងទី២.សាមីខ្លួន មានអាការៈក្ដៅខ្លួន ផ្ដាសាយ ហៀរសំបោរ ហើយសង្ស័យនោះ ពួកគាត់អាចទៅពិនិត្យដោយខ្លួនឯង ។ ឯកឧត្ដម លើកឡើងថា ចំពោះ រ៉ាពីតតេស្ត គឺយើងទុកប្រើប្រាស់ ដើម្បី ធ្វើការពិនិត្យសំណាកលើអ្នកដែលមកសម្រាកព្យាបាលជម្ងឺ នៅតាមមន្ទីរពេទ្យ និងពលករចំណូលស្រុកវិញ ។
ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា បានណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋាន ត្រូវក្ដោបឲ្យបាននូវដើមហេតុ នៃការឆ្លង ហើយស្វែងរកមូលហេតុ និងប្រភព នៃការឆ្លង ព្រមទាំង រកវិធានការណ៍គ្រប់គ្រង និងអន្តរាគមន៍ជាបន្ទាន់ ជាពិសេស ការអនុវត្តវិធានការណ៍ទាំង ៧ចំណុច ដែលឯកឧត្ដម ធ្លាប់បានណែនាំ នាពេលកន្លងទៅនោះ ។
សូមរំលឹកថា ក្នុងឱកាសដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ ១៩ ក្នុងខេត្តកំពង់ចាម នាពេលថ្មីៗ កន្លងទៅនោះ ឯកឧត្ដមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរក្រុង ស្រុក ទាំងអស់ ពង្រឹងគោលគោលជំហរ នៃការអនុវត្តគោលការណ៍ ៧ចំណុច គឺ ៖ ទី១.ត្រូវបង្កើនការផ្សព្វផ្សាយ អប់រំ ណែនាំទៅដល់ប្រជាពលរដ្ឋ ជាពិសេស នៅតាមទីប្រជុំជន ឬតាមទីផ្សារនានា ឲ្យកាន់តែទូលំទូលាយថែមទៀត ជាពិសេស ការអនុវត្តលើវិធានការសុខាភិបាល «៣កុំ ៣ការពារ» ។ ទី២.ពង្រឹងទៅលើការងារធ្វើចត្តាឡីស័កនៅតាមផ្ទះ ដោយការយកចិត្តទុកដាក់ និងឲ្យហ្មត់ចត់បំផុត។ ទី៣.មន្ទីរសុខាភិបាល ខិតខំ ពង្រឹងយន្តការ នៃការព្យាបាលជម្ងឺនៅតាមផ្ទះ និងខិតខំព្យាបាលអ្នកជម្ងឺ ឲ្យឆាប់ជាសះស្បើយ ។ ទី.៤.ត្រូវអនុវត្តវិធានការផ្លូវច្បាប់ ចំពោះ ជនខិលខូចទាំងឡាយ ដែលគេចវែសការធ្វើចត្តាឡីស័ក ការព្យាបាល និងជនមិនគោរពតាមវិធានសុខាភិបាល ។ ទី៥.ត្រូវបន្តការគ្រប់គ្រងចំណូលស្រុក ឲ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពថែមទៀត ។ ទី៦.ជម្រុញការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីប្រជុំជន និងតំបន់ដែលមានហានិភ័យ ឲ្យបាន ២សប្ដាហ៍ម្ដង និងទី៧.ចំពោះ សាលារៀនវិញ មិនអនុញ្ញាតឲ្យបិទសាលាទាំងមូលនោះទេ ពោលគឺ បើមានករណីឆ្លងនៅក្នុងបន្ទប់ណា ត្រូវបិទបន្ទប់នោះ ហើយអ្នកវិជ្ចមាន ត្រូវយកទៅព្យាបាល ។ រីឯអ្នកពាក់ព័ន្ធ ត្រូវយកធ្វើចត្តាឡីស័ក ។ ការធ្វើបែបនេះ ដើម្បី បញ្ជៀសផលប៉ះពាល់ ទៅដល់ការសិក្សា របស់សិស្សានុសិស្ស ស្របតាមការណែនាំ របស់ក្រសួងអប់រំ ៕