ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំសាមញ្ញលើកទី២៨អាណត្តិទី៣តាមប្រព័ន្ធវីដេអូzoom

ដោយ៖សុក្ខារិន

ខេត្តកំពង់ឆ្នាំងៈ កិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង  ត្រូវបានបើកកិច្ចប្រជុំនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តដោយ មានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត  ព្រមទាំងការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត  ក្រុមប្រឹក្សា និងអភិបាលក្រុង ស្រុកតាមរយៈប្រព័ន្ធវីដេអូZoom ។

កិច្ចប្រជុំក្រុមប្រឹក្សានាពេលនេះធ្វើឡើងដើម្បីពិនិត្យ និង ឆ្លងរបាយការណ៍សមិទ្ធផលសកម្មភាពការងាររបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងដែលបានសម្រេចបានក្នុងខែកញ្ញា និង ទិសដៅសម្រាប់អនុវត្តបន្ត និង ឆ្លងកំណត់ហេតុការប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថាៈទោះបីមានការរីករាលដាលជំងឺកូវី១៩ក៏រដ្ឋបាលខេត្តកំពង់ឆ្នាំង និង តែបន្តអនុវត្តនូវផែនការសកម្មភាពរបស់ខ្លួន បំរើសេវា ដោះស្រាយបានបញ្ហាប្រឈម និង សំណូមពរតម្រូវការនិងសំណូមចាំបាច់ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ ជាពិសេសធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋបានល្អប្រសើរ ។ស្ថានភាពប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩រដ្ឋបាលខេត្តកំពង់ឆ្នាំងនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់បានបំពេញបេសកកម្មយ៉ាងយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយដោយផ្ទាល់នៅគ្រប់មូលដ្ឋាន ជាពិសេសជម្រុញការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ  កុមារ ដោយអនុវត្តន៍ទទួលបានលទ្ធផលល្អតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន  សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ឡុង ឈុនឡៃ បានថ្លែងនូវការកោតសរសើរដល់គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ ក្រុមប្រឹក្សា អភិបាល ក្រុង ស្រុក និង មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ដែលបានរួបរួមគ្នាកសាងនិងអភិវឌ្ឍន៍ខេត្ត ដែលធ្វើអោយខេត្តមានការកែប្រែមុខមាត់ថ្មី ទាក់ទាញបាននូវវិយោគទុនមកបណ្តាក់ទុន ធ្វើអោយប្រជាពលរដ្ឋមានជីវភាពប្រសើរឡើងជាពិសេសការរួមគ្នាប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩និង កាត់ផ្តាច់ការរីករាលដាលជំងឺកូវីដ១៩ពីគ្រួសារ និង សហគមន៍ យើង។

ឯកឧត្តម ឡុង ឈុនឡៃ  បានមានប្រសាសន៍បន្តថាៈ ដើម្បីឱ្យខេត្តកំពង់ឆ្នាំងកាន់មានការអភិវឌ្ឍបន្ថែមទៀតនោះ មន្ទីរជំនាញ និង អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងទំនាក់ទំនងល្អ ដើម្បីបំរើសេវាជូនប្រជាពលរដ្ឋ និង ដោះស្រាយរាល់បញ្ហាប្រឈមផ្សេងៗដែលនៅសេសសល់របស់ប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។ជាពិសេសជម្រុញការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩និងបន្តផ្សព្វផ្សាយអោយប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នបន្ថែមទៀតក្នុងឱកាសបុណ្យកាន់និងភ្ជុំបិណ្យដោយអនុវត្តតាមការណែនាំរបស់គណៈសង្ឃនាយក.ក្រសួងធម្មការនិងសាសនា,ក្រសួងសុខាភិបាលនិងអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាលគឺ៣ការពារនិង៣កុំដើម្បីកាត់ផ្តាច់ការចម្លងក្នុងសហគមន៍ក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *