ត្បូងឃ្មុំ : ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ បាន អញ្ជើញ នាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុនី ចែកជូនប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ ជាង៨០គ្រួសារ នៅភូមិទី១ និងភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ដោយក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី២កេស និងថវិកា ៥ម៉ឺនរៀល ព្រមទាំងចែកជូនកងកម្លាំងឈរជើងនៅតំបន់បិទខ្ទប់ចំនួន ១លាន ៤០ម៉ឺនរៀល និង ក្រុមគ្រូពេទ្យ ៧០មុឺនរៀលផងដែរ។
ឆ្លៀតក្នុងឳកាសនោះដែរ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បាន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព នូវវិធានការ«៣ការពារ ៣កុំ » របស់ ប្រមុខ រាជរដ្ឋាភិបាល សម្តេច តេជោ ហ៊ុន សែន ដើម្បីខ្លួនយើង ក្រុមគ្រួសារយើង សហគមន៍យើង និងប្រទេសជាតិយើងទាំងមូល ជៀសផុតពីជំងឺ កូវីដ-១៩ ។
គួរ បញ្ជាក់ ថា អំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានផ្តល់ជូនរដ្ឋបាលស្រុកក្រូចឆ្មារ តាមរយៈឯកឧត្តម អភិបាលខេត្ត ក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រួមមាន មី ៤០០កេស អង្ករ ៥តោន និងថវិកា ៥០លានរៀល។
បន្ទាប់ពីចែកស្បៀងអាហារ និងថវិកាជូនពលរដ្ឋនៅតំបន់បិទខ្ទប់រួចមក ឯកឧត្តម ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ក៏បានបន្តនាំយកថវិកា ៧លានរៀល ក្នុងនោះថវិកាឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ៥លានរៀល ប្រគេនព្រះចៅអធិការ និងព្រះសង្ឃគង់នៅវត្ត អម្ពវ័នជំនីក ក្នុងឃុំជំនីក ស្រុកក្រូចឆ្មារ ដើម្បីផ្គត់ផ្គង់ចង្ហាន់ និងកសាងវត្តជាបន្ត ខណៈដែលតាមបណ្តាវត្តនានាត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកប្រារព្ធពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីបញ្ចៀសការរីករាលដាលនៃជំងឺកូវីដ-១៩ ៕