ដោយ៖ ឈិត សំបូរ
កំពង់ធំ៖ លោកសាយ វាសនា ព្រះរាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំបានថ្លែង នាថ្ងៃទី២៩ ខែកញ្ញានេះថា ប្រសិនជាឃើញកន្លែងណាមានបទល្មើសនេសាទខុសច្បាប់ សូមបងប្អូនប្រជានេសាទ រាយការណ៍ប្រាប់សមត្ថកិច្ចផ្ទាល់ ឬអាជ្ញាធរមូលដ្ឋាន ដើម្បីអាជ្ញាធរមូលដ្ឋានធ្វើការចុះ បង្រ្កាបទប់ស្កាត់ ព្រោះធនធានមួយនេះមានសារៈសំខាន់ណាស់ចំពោះប្រទេសជាតិ និងខ្លួនយើងផងដែរ។
ព្រះរាជ្ញារងរូបនេះនិយាយថា «កម្លាំងសមត្ថកិច្ចនិងមន្រ្តីជំនាញអនុវត្តការបង្រ្កាបបទល្មើសទូទៅមិនរើសអើង នោះឡើយ។ សមត្ថកិច្ចចុះទៅដល់កន្លែង ណាឃើញថាមានបទល្មើសខុសច្បាប់និងត្រូវបង្រ្កាបតែម្តង»។
ការថ្លែងនេះរបស់លោកសាយ វាសនា គ្រាដែលសមត្ថកិច្ចចម្រុះចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ស្ថិតនៅចំណុចដងទង់ រហូតដល់កោះតាប៉រ រឹបអូសបានឧបករណ៍នេសាទខុសច្បាប់ ៧ របាំង ២.១០០ម៉ែត្រ ឡុកសាច់អួន១៤ឡុក លូស្បៃមុង២០ បង្គោល១.០០០ដើម និងពន្លែងកូនត្រីចម្រុះជាង ២០គីឡូ ក្រាម ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូត បានវះកាត់កម្ទេចចោលនៅនឹងកន្លែងប្រព្រឹត្តបទល្មើសជាក់ស្តែងតែម្តង។
ជាមួយគ្នានេះ លោកប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ធំបានឲ្យ ដឹង ថា ចំពោះបទល្មើសនេសាទខុសច្បាប់មិនថាក្នុងរដូវបិទនេសាទ ឬក៏រដូវបើកនេសាទនោះឡើយ គឺតែងតែណែនាំឲ្យនាយផ្នែក នាយសង្កាត់រដ្ឋបាលជលផល ធ្វើការង្រ្កាបជាប្រចាំ ដោយទុកឲ្យបទល្មើសបន្តកើនឡើងជាដាច់ខាត។
លោកប្រធានមន្ទីរកសិកម្ម បានបញ្ជាក់ថា ការបង្ក្រាបបទល្មើសនេសាទខាងលើនេះវាមានការលំបាក ដោយប្រជានេសាទយើងមានការនេសាទមានចំនួន២ឃុំ រស់នៅលើទឹកពឹងផ្អែកទឹកទន្លេ លើមុខរបរនេសាទ ដូច្នេះវាមិនជៀសមិនផុតទេ នូវបទល្មើសនេសាទនេះ កើតមាននៅក្នុងទន្លេ។ ប៉ុន្ដែទោះបីជាយ៉ាងណាមន្ត្រីជំនាញយើងនៅតែប្រឹងប្រែង បង្ក្រាប និងធ្វើការអបរំបន្ថែមទៀត ឲ្យពួកគាត់យល់ ពីការរក្សារធនធានធម្មជាតិ ធនធានជលផល ឲ្យបានគង់វង្ស និរន្តរភាព រក្សាទុក បន្តដល់កូនចៅពួកគាត់ ហើយរដូវបិតនេះ គឺត្រូវរឹតបន្តឹង។