ដោយ៖ភាវុន
កណ្តាល ៖ សមត្ថកិច្ចក្រុងតាខ្មៅ បានឃាត់បុរសទិញលក់អេតចាយម្នាក់ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នាថ្ងៃទី២៨កញ្ញាឆ្នាំ២០២១វេលាម៉ោង៩និង៥០នាទីយប់ នៅចំណុចសាលាហេងតុ ភូមិតាខ្មៅ០៣ សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាល។
សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះ ថន ធារិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិតាខ្មៅ០៣ សង្កាត់-ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរទិញអេតចាយ(ឃាត់ខ្លួន)។វត្ថុតាងចាប់យករួមមាន ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់តូច,ទូរសព្ទម៉ាក Reqlmeពណ៌ក្រហមចំនួន០១និងម៉ូតូសណ្តោងរ៉ឺម៉កគ្មានស្លាកលេខចំនួន០១គ្រឿង។
សមត្ថកិច្ចបន្តថា ដំបូងកម្លាំងប៉ុស្តិ៍តាខ្មៅបានចេញល្បាតមកដល់ចំណុចកើតហេតុខាងលើក៏ប្រទះឃើញជនសង្ស័យកំពុងតែអង្គុយនៅលើរ៉ឺម៉កម្នាក់ឯង ហើយកម្លាំងប៉ូលិសក៏សួរនាំនិងឆែកឆេរទៅរកឃើញម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់តូចដែលជនសង្ស័យលាក់ទុកនៅក្នុងហោប៉ៅខោខាងក្រោយរួចលោកមេប៉ុស្តិ៍រាយការណ៍ជូនលោកអធិការបានជ្រាប រួចនាំខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីសួរនាំ។
នៅចំពោះមុខសមត្ថកិច្ច, ជនសង្ស័យបានឆ្លើយសារភាពថា «ថ្នាំញៀនចំនួន០១កញ្ចប់នេះពិតជារបស់ខ្លួនដែលបានទិញពីឈ្មោះ មុត នៅសង្កាត់កំពង់សំណាញ់ក្នុងតម្លៃបួនម៉ឺនរៀលពិតប្រាកដមែន»។
ចំពោះជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋានប៉ូលិសក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕