ដោយ៖សេង ពិសិដ្ឋ
កំពង់ធំ៖នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានបន្តដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ទៅផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៧ ចំណុច និងសេចក្ដីសម្រេចលេខ៩៥ ស.ស.រ របស់រាជរដ្ឋាភិបាល ស្តីពីការផ្អាកការរៀបចំបុណ្យកាន់បិណ្ឌនិង ភ្ជុំបិណ្ឌដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ -១៩ ព្រមទាំងបានបំពាក់ឯកសណ្ឋានជូនប្រជាការពារចំនួន៦ ៣ នាក់ នៅភូមិ ចំនួន៩ ភូមិ សរុបចំនួន ១៥ ភូមិ ដែល មាន ប្រជាការពារ ចំនួន ១០៨ នាក់ ត្រូវ បាន បំពាក់ រួច រាល់ ស្ថិតក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលពិធីនេះប្រ ព្រឹត្តទៅនៅសាលាបឋមសិក្សាបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ។
លោក ទិញ វឿន ជំទប់ទី១ ឃុំបន្ទាយស្ទោង បានឡើងរាយការណ៍អំពីស្ថានភាពរបស់ប្រជាពលរដ្ឋ និង កុមារ នៅ ក្នុងឃុំដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បាន ជាង៩០% រួច ហើយ និងលទ្ធផលនៃការអនុវត្តន៍គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ទទួលបានលទ្ធផលល្អប្រសើរ ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរ ចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែល បាន ផ្សព្វផ្សាយ និង អញ្ជើញ ប្រជាពលរដ្ឋ និង កុមារ មក ចាក់ វ៉ាក់ សាំង ការពារ ជំងឺ កូវីដ -១៩ ទទួល បាន លទ្ធផល ល្អ និងបាន កោតសរសើរ ចំពោះ បងប្អូនប្រជាការពារ ដែលបានសហការគ្នាល្អ ជាមួយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ ក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលខ្លួនទទួលខុសត្រូវបានយ៉ាងល្អប្រសើរ និងបានអំពាវនាវដល់ប្រជាការពារ និងបងប្អូនប្រជាពលរដ្ឋទាំងអស់រួមគ្នាបន្តអនុវត្តន៍ឲ្យបានជោគជ័យបន្ថែមទៀត នូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាល នៅ ក្នុង មូលដ្ឋាន របស់ ខ្លួន ។
នៅក្នុងឱកាសនេះដែរ ឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៏បានផ្សព្វផ្សាយសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល លេខ៩៥ ស.ស.រ ស្តីពីការផ្អាកការរៀបចំបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ -១៩ និងបានសំណូមពរដល់ព្រះសង្ឃ និងប្រជាពលរដ្ឋយើងទាំងអស់ មេត្តាយោគយល់ដល់ការលំបាករបស់រាជ រដ្ឋាភិបាល គឺក្នុងគោលបំណងការការពារអាយុជីវិតរបស់ព្រះសង្ឃនិងប្រជាជនយើងកុំឱ្យឆ្លងរីករាលដាលនិង ទទួលមរណភាពដោយសារជំងឺ-១៩ តែប៉ុណ្ណោះ ។ ជាមួយនេះផងដែរ ឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៏បាន សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់និងប្រជាការពារយើង ត្រូវបន្តអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ ក្រសួងសុខាភិបាល ពិសេសអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់តាមវិធានការ៣ការពារ និង៣កុំ របស់សម្តេចតេជោ ហ៊ុន សែន ទោះបីយើងទាំងអស់គ្នាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចហើយក្តី ។