កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២១ នេះ បាន អញ្ជើញ ផ្តល់ អំណោយ ជា ថវិកា និង សម្ភារ ជូន កងកម្លាំង ស្នងការដ្ឋាន នគរបាល ខេត្ត យោធា ខេត្ត និង កងរាជអាវុធហត្ថ ខេត្ត ដើម្បី ទ្រទ្រង់ ក្នុង យុទ្ធនាការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែង នូវ ការ កោតសរសើរ ចំពោះ កងកម្លាំង ទាំង ៣ប្រភេទ ដែល កន្លងមក តែងតែ ខិតខំ ថែរក្សា ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជូន ប្រជាពលរដ្ឋ ជាពិសេស ការ ចូលរួម យ៉ាង សកម្ម ក្នុង ការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩ ក្នុង ភូមិសាស្ត្រ ខេត្តកំពង់ចាម ។
ជាមួយគ្នា នោះ ឯកឧត្តមអភិបាលខេត្ត ក៏បាន ណែនាំ ដល់ កងកម្លាំង ទាំងអស់ ឲ្យ មានការ ប្រុងប្រយ័ត្ន ខ្ពស់ ក្នុង ការ ថែទាំ សុខភាព របស់ ខ្លួន និង ក្រុមគ្រួសារ ជាពិសេស ត្រូវ អនុវត្ត តាម សេចក្តី ណែនាំ របស់ ប្រមុខ រាជរដ្ឋាភិបាល សម្តេច តេជោ ហ៊ុន សែន នូវ វិធានការ ៣ការពារ ៣កុំ ឲ្យ បាន ខ្ជាប់ខ្ជួន ទាំង ពេល បំពេញ ការងារ និង ពេល សម្រាក លំហែ ផងដែរ ។
គួរ បញ្ជាក់ ថា អំណោយដែល ឯកឧត្តមអភិបាលខេត្ត ផ្តល់ ជូន កងកម្លាំង ប្រដាប់ អាវុធ ទាំង៣ ក្នុង ខេត្តកំពង់ចាម រួមមាន ស្នងការដ្ឋាននគរបាលខេត្ត ទទួល បាន ថវិកា ចំនួន ១០លានរៀល ម៉ាស ២ម៉ឺន សន្លឹក និង ទឹក អាល់កុល ១៥០លីត្រ យោធា ខេត្ត ទទួល បាន ថវិកា ១០លានរៀល ម៉ាស ២ម៉ឺន សន្លឹក និង ទឹក អាល់កុល ១៥០លីត្រ និង កងរាជអាវុធហត្ថ ខេត្ត ទទួល បាន ថវិកា ចំនួន ១០លានរៀល ម៉ាស ១ម៉ឺន សន្លឹក និង ទឹក អាល់កុល ចំនួន ១៥០លីត្រ ផងដែរ ៕