ត្បូងឃ្មុំ : រដ្ឋបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានរៀបចំពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ក្រោម វត្តមាន លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខ័ណ្ឌទូទាំងប្រទេស ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពី អភិបាលរងខេត្ត ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនទៀត ។
ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ លទ្ធផលខេត្តត្បូងឃ្មុំ សម្រេចបានលើការងារចាក់វ៉ាក់សាំងរួមមាន៖
*ទី១៖ អាយុ០៦-ក្រោម១២ឆ្នាំ ចំនួន៨៧,៨៣៨នាក់
*ទី២៖ អាយុ១២-ក្រោម១៨ឆ្នាំ ចំនួន១០១,៦៥០នាក់
*ទី៣៖ អាយុ១៨ឆ្នាំឡើង ចំនួន៥១៨,១៣០នាក់
ក្នុងនោះ ចាក់បានដូសទី១ ចំនួន៥៧៣,០៣៩ ស្មើនឹង ៨០,៩៨%, ចាក់បានដូសទី២ ចំនួន៣២២,៣០១ ស្មើនឹង ៤៥,៥៥% និងចាក់បានដូសទី៣ ចំនួន១៦,៣៥៣ ស្មើនឹង២, ៣១%។
ឯកឧត្តមអភិបាលខេត្ត ក៏បានបង្ហាញជំហយ៉ាងមុតមាំ ក្នុងការបន្តប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩ ឲ្យអស់ពីលទ្ធភាព ដោយឡែកទីតាំងចត្តាឡីស័កក៏បានត្រៀមទុកមុនជាស្រេចបន្ថែមទៀត ពិសេសទីកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ បានឲ្យក្រុមគ្រូពេទ្យបន្តកិច្ចការងារនេះ ទាំងថ្ងៃទាំងយប់ រួមទាំងសម្ភារបរិក្ខារពេទ្យ ឲ្យមានគ្រប់គ្រាន់ផងដែរ។
ក្នុងឱកាសនោះដែរ លោកជំទាវ ឱ វណ្ណឌីន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលរដ្ឋបាលខេត្តត្បូងឃ្មុំសម្រេច ក្នុងផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ ដោយលោកជំទាវ បានគូសបញ្ជាក់អំពីគុណតម្លៃនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជួយមិនឲ្យវិវត្តន៍ទៅរកស្ថានភាពធ្ងន់ធ្ងរ ក្នុងករណីបុគ្គលនោះឆ្លងជំងឺកូវីដ។ ក្នុងន័យនេះ មិនមែនមានន័យថា ចាក់វ៉ាក់សាំងហើយមិនឆ្លងជំងឺកូវីដ-១៩នោះទេ ពោលគឺនៅពេលចាក់វ៉ាក់សាំងហើយក៏ដោយ ត្រូវតែអនុវត្តនូវវិធានការ៣ការពារ និង៣កុំ ដើម្បីការពារ ខ្លួន យេីង ។
លោកជំទាវ ឱ វណ្ណឌីន ក៏បានបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំរៀបចំផែនការ និងដាក់ចេញនូវអភិក្រមផ្ការីក ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ រហូតសម្រេចបានលទ្ធផល ជិត៩៩ភាគរយ នៃផែនការ១០លាននាក់ ចំពោះប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ៕