ដោយ៖ ភាវុន
កណ្តាល ៖មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូកើតឡើងនៅលើផ្លូវកៅស៊ូលេខ ៣៨២ ស្ថិតក្នុងភូមិសុីធរលិច ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល កាលពីថ្ងៃចន្ទទី២៧ ខែកញ្ញាឆ្នាំ២០២១ វេលាម៉ោង៣និង៤៥នាទីរសៀលបណ្តាលឱ្យឪពុករបួសធ្ងន់និងកុនស្រីអាយុ៦ឆ្នាំស្លាប់។
សមត្ថកិច្ចនិយាយថា គ្រោះថ្នាក់ខាងលើបង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ផ្លាកលេខភ្នំពេញ1Z-2999បើកបរដោយឈ្មោះជាន ជាតិភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិសុីធរលិច ឃុំសុីធរ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល រងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះតាមរថយន្តសង្រ្គោះមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្តាល(អត់ពាក់មួកសុវត្ថិភាព )និងអ្នករួមដំណើរម្នាក់ឈ្មោះជាតិ សុជាតា ភេទស្រី អាយុ០៦ឆ្នាំត្រូវជាកូន ស្លាប់នៅនឹងកន្លែងកើតហេតុ ។
សមត្ថកិច្ចបន្តថា លុះមកដល់ចំណុចកើតហេតុអ្នកបើកម៉ូតូបង្កខាងលើបានជិះមកដល់ចំណុចផ្លូវកែងបែកជា៣ ហើយបានឈប់និយាយគ្នាជាមួយអ្នកដំណើរដែលជិះម៉ូតូ០១គ្រឿងផ្សេងទៀតនៅត្រង់ផ្លូវកែងបន្តិច, ក្រោយមកម៉ូតូបង្កខាងលើបានបើកឆ្លងផ្លូវដើម្បីទៅខាងស្តាំដៃក្នុងទិសដៅពីកើតឆ្លងផ្លូវទៅទិសខាងត្បូង។
ស្របពេលនោះក៏មានរថយន្ត០១គ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៌ស ស្លាកលេខភ្នំពេញ 3C- 1890បើកបរដោយឈ្មោះឈឿន វ៉ាន់ឌី ភេទប្រុស អាយុ២៦ឆ្នាំស្រុកកំណើតនៅភូមិវាលកណ្តៀង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម រស់នៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្នុងទិសដៅពីត្បូងទៅជើងបានជ្រុលទៅបុកជាមួយម៉ូតូខាងលើបណ្តាលឱ្យម៉ូតូកៀបជាប់ក្រោមរថយន្តតែម្តង ហើយអ្នកបើកបររថយន្តខាងលើត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនភ្លាមៗប្រគល់ឱ្យសមត្ថកិច្ច។ មូលហេតុអ្នកជិះម៉ូតូបង្កឆ្លងផ្លូវខាងលើបើកឆ្លងខ្វះការប្រុងប្រយ័ត្ន ។ ចំពោះករណីខាងលើនេះ ប៉ូលិសផ្នែកជំនាញចរាចរណ៍ផ្លូវគោកស្រុកសហការជាមួយប៉ូលិសប៉ុស្តិ៍ស៊ីធរ បានធ្វើការដកហូតសម្ភារទាំង០២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកខ្សាច់កណ្តាលនិងបានចុះវាស់វែងដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕