ដោយ៖ នីយ៉ា
ខេត្តប៉ៃលិន ៖ មានសេចក្តីរាយការណ៍បានឱ្យដឹងថា ៖ ក្រោយពីរដ្ឋបាលខេត្តប៉ៃលិន បានចុះពិនិត្យមើលកន្លែងបរិវេណផ្សារសាមគ្គី ហៅប៉ាហ៊ី ផ្នែកខាងក្រោម ដែលអាជីវករលក់ដូរ បន្លែ ត្រី សាច់ និងគ្រឿងទេសផ្សេងៗ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ដោយសន្យាថា នឹងបើកឱ្យលក់ដូរឡើងវិញ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ ខណ:បិទផ្សារនេះអស់រយ:ពេលជិត២ខែមកហើយ លុះអាជីវករចាំបាត់ៗ តាំងពីព្រឹករហូតដល់ពេលល្ងាច មិនឃើញបើកផ្សារឱ្យលក់ដូរដូចធម្មតាឡើងវិញ ក៏ផ្ទុះការតវ៉ាបង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង ។ ក្រោយការតវ៉ានៅផ្សារ អាជីវករជិត១០០នាក់ នាំគ្នាបន្តទៅតវ៉ាដល់មុខផ្ទះលោកអភិបាលរងខេត្ត ចេង ញ៉ាន់ ដើម្បីសុំឱ្យបើកតូបក្នុងផ្សារឡើងវិញ ។
ហេតុការណ៍អាជីវករតវ៉ាឱ្យអាជ្ញាធរខេត្តបើកផ្សារឱ្យលក់ដូរឡើងវិញនេះ បានកើតឡើងកាលពី វេលាម៉ោង៥និង៣០នាទីល្ងាច រហូតដល់ម៉ោង៦និង៣០នាទីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ស្ថិត នៅក្នុងបរិវេណផ្សារសាមគ្គីហៅប៉ាហ៊ី ក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានពីអាជីវករលក់ដូរបន្លែ ត្រី សាច់ នៅផ្សារសាមគ្គីផ្នែកខាងក្រោមបានឱ្យដឹងថា ៖ ដោយសារតែបញ្ហាឆ្លងជំងឺកូវីដ១៩ ទើបរដ្ឋបាលខេត្តប៉ៃលិន បានធ្វើការបិទផ្សារសាមគ្គីហៅប៉ាហ៊ីទាំងមូល លុះក្រោយពីបិទអស់រយ:ពេលជិត១ខែ ក៏បើកផ្សារនេះតែផ្នែកខាងលើ ឱ្យអាជីវករលក់ដូរ សម្លៀកបំពាក់ គ្រឿងក្រអូប និងលក់មាស ប្តូរប្រាក់ជាដើម ឱ្យដំណើរការឡើងវិញ ទុកតែផ្នែកខាងក្រោម ប៉ុណ្ណោះ ដោយឱ្យអាជីវករដែលលក់ដូរបន្លែ ត្រី សាច់ ទៅលក់ដូរនៅកន្លែងផ្សេង លុះភ្លៀងរាល់ថ្ងៃ នាំ ឱ្យមានការលំបាកក្នុងលក់ដូរយ៉ាងខ្លាំង ។ ប្រភពបន្តទៀតថា ក្រោយមកគេឃើញខាងរដ្ឋបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារចុះពិនិត្យផ្សារសាមគ្គីផ្នែកខាងក្រោម ដែលមិនទាន់អនុញ្ញាតឱ្យអាជីវករ លក់ដូរ ហើយលោក ចេង ញ៉ាន់ អភិបាលរងខេត្ត ក៏បានសន្យាថា នឹងបើកឱ្យអាជីវករលក់ដូរនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ ។ តែដោយសារចាំបាត់ៗ តាំងពីព្រឹករហូតមកដល់ល្ងាចមិនឃើញអា ជ្ញាធរណាម្នាក់ចុះទៅបើកតូបឱ្យពួកគាត់លក់ដូរ ក៏ផ្ទុះការតវ៉ាតែម្តង ។
អាជីវករបញ្ជាក់ទៀតថា នៅព្រឹកថ្ងៃស្អែកបើសិនជាអាជ្ញាធរខេត្ត មិនព្រមធ្វើការដោះស្រាយ ឱ្យពួកគាត់ចូលលក់ដូរនៅតាមតូបដែលបានរៀបចំបោសសម្អាតរួចរាល់ទេ នឹងនាំគ្នាទៅតវ៉ាដល់មុខ សាលាខេត្ត ដើម្បីសុំឱ្យរដ្ឋបាលខេត្តបើកតូបជូនពួកគាត់លក់ដូរឡើងវិញ ព្រោះបិទទ្វារអស់រយ:ពេលជិត២ខែមកហើយ ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកអភិបាលរងខេត្ត ចេង ញ៉ាន់ បានប្រាប់ឱ្យអាជីវករវិលត្រឡប់ ទៅផ្ទះវិញសិន ខណ:រដ្ឋបាលខេត្តប៉ៃលិន កំពុងតែរៀបចំពិនិត្យមើលផ្សារឱ្យបានល្អិតល្អន់ មុននឹងបើកឱ្យលក់ដូរសារជាថ្មី ព្រោះមានករណីអាជីវករកំពុងបន្តឆ្លងជំងឺកូវីដ១៩ ។ លោកអភិបាលរងខេត្ត បន្តទៀតថា រដ្ឋបាលខេត្ត នឹងរកដំណោះស្រាយជូនអាជីវករឱ្យបានលក់ដូរគ្រប់ៗគ្នា ៕