ទឹកស្ទឹងពោធិ៍សាត់ចាប់ផ្ដើមឡើងបន្តិចតែពុំទាន់ដល់កម្រិតដែលត្រូវប្រកាសអាសន្ននៅឡើយ

ដោយសុក្ខារិន

ខេត្តពោធិ៍សាត់:ស្ថានភាពទឹកស្ទឹងខេត្តពោធិ៍សាត់ បានចាប់ផ្តើមឡើងបន្តិចហើយ ក៏ប៉ុន្តែពុំទាន់ដល់កម្រិតប្រកាសអោយមានការប្រុងប្រយត្ន័នៅឡើយ ទេខណះដែលកម្ពស់ទឹកមាន ៣.៧៥ម៉ែត្រ ខណៈកម្ពស់ត្រូវប្រកាសអោយមានការប្រុងប្រយត្ន័៥ម៉ែត្រ។

នេះបើតាមការបញ្ជាក់ឱ្យដឹងពី ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ លោក កែវ វ័យនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោកប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ បានឱ្យដឹងទៀតថា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ បច្ចុប្បន្នមានកម្ពស់ ៣.៧៥ម៉ែត្រ (កម្ពស់ប្រកាសអោយប្រុងប្រយត្ន៥ម៉ែត្រ). ស្ទឹងក្រវាញ មានកម្ពស់ ២.៣៨ (កម្ពស់ប្រកាសអោយប្រុងប្រយត្ន័ ៦ម៉ែត្រ) និងស្ទឹងវាលវែង មានកម្ពស់ ២.១៧ម៉ែត្រ (កម្ពស់ប្រកាសអោយមានការប្រុងប្រយត្ន័ ៩ម៉ែត្រ)។ ចំពោះស្ថានភាពកម្ពស់ទឹកភ្លៀង ២៤ម៉ោង មាន៣លើ៧ក្រុងស្រុកក្នុងនោះ ក្រុងពោធិ៍សាត់១១មីលីម៉ែត្រ, ស្រុកបាកាន១.៣មីលីម៉ែត្រ និងស្រុកក្រគរ ៥.៦មីលីម៉ែត្រ។

ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់លោក កែវ វ័យ បានបន្តថា យើងពុំទាន់ដឹងអំពីស្ថានភាពទឹកភ្លៀង នៅផ្នែកខាងលើ នៅតែបន្តភ្លៀងយ៉ាងណានៅឡើយ តែបើយោងតាមស្ថានីយ៍វាស់កម្ពស់ទឹក នៅតាមដងស្ទឹងនានា គឺនៅក្នុងកម្រិតស្តួចស្តើងនៅឡើយ។ តែទោះបីជាយ៉ាងណាក្តី ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តមតែងតែទទួលជ្រាបព័ត៌មាន និងដាក់ផែនការត្រៀមរួចជាស្រេច នូវមធ្យោបាយសរុប និងកម្លាំងសរុប ដើម្បីគ្រប់គ្រងស្ថានការ ក្នុងគ្រាប្រកាសអាសន្នកើតឡើង និយាយជារួមដូចឆ្នាំ២០២០កន្លងទៅយ៉ាងដូច្នេះឯង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *