ខេត្តស្វាយរៀង៖លោក ម៉ែន សារ៉ាន់ អភិបាលស្រុកស្វាយទាប និង ជា ប្រធាន គណៈ បញ្ជាការ ឯកភាព រដ្ឋ បាល ស្រុកកាល ពី យប់ ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២១បាន បន្ត ចុះដឹកនាំ កម្លាំងចម្រុះ ចុះ អនុវត្ត សេចក្តីសម្រេច លេខ ០៨៣/២១ ស . ស . រ ចុះ ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១ នៅតាម គោលដៅនានា ដើម្បី ប្រយុទ្ធ និង ទប់ស្កាត់ ការឆ្លង រាលដាល នៃ ជំងឺ កូ វីដ -១៩ ក្នុង មូលដ្ឋាន ស្រុកស្វាយទាប ខេត្តស្វាយរៀង។
លោកអភិបាលស្រុកស្វាយទាបបានមានប្រសាសន៍ឲ្យដឹងថា: ដោយយោងតាមសេចក្តីជូនដំណឹង របស់ រដ្ឋបាល ខេត្តស្វាយរៀង ស្តីពី ការដាក់ចេញ នូវ វិធានការ រដ្ឋបាល នៅក្នុងភូមិសាស្ត្រ ខេត្តស្វាយរៀង រយៈពេល១៤ថ្ងៃ គិត ចាប់ពី ម៉ោង ២៣:៥៩ នាទី នា ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១ រហូតដល់ ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២១។
លោកអភិបាលស្រុកបានមាន ប្រសាសន៍ឲ្យ ដឹងបន្តទៀតថា: បន្ទាប់ពី រដ្ឋបាលខេត្តស្វាយរៀង បានដាក់ចេញនូវ វិធានការ រដ្ឋបាល នៅក្នុង ភូមិសាស្ត្រ ខេត្តស្វាយរៀង ដែលមាន រយៈពេល ១៤ ថ្ងៃ នៅ ស្រុកស្វាយទាប មាន គោលដៅ ធំៗ ចំនួន៣គោលដៅគឺ ទី១គោលដៅនៅខាងមុខក្លោងទ្វារវត្តខ្ជាយ ទី២គោលដៅរោងចក្រដើមពោធិ៍ និងទី៣ គោលដៅខាងមុខក្លោងទ្វារវត្តឧត្តុង ដោយមានការចូលរួមពី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក.អធិការដ្ឋាននគរបាលស្រុក.ប៉ុស្តិ៍រដ្ឋបាល ដោយក្នុងនោះគោលដៅនៅក្នុង១មួយឃុំៗមាន១ក្រុម គោលដៅស្រុកមាន១ក្រុម គោលដៅជាប់ព្រំប្រទល់រវាងឃុំនៅតាមបណ្តោយខ្សែរបន្ទាត់ព្រំដែនកម្ពុជាវៀតណាមក៏ដូចជាគោលដៅរវាងសង្កាត់និង ឃុំជាប់ព្រំប្រទល់ស្រុក និង ក្រុងក្នុងខេត្តហើយក៏មានក្រុមចល័តគោលដៅថែមទៀតផង។
លោកអភិបាលស្រុកស្វាយទាបបានឲ្យដឹងទៀតថា: ដោយឡែក ក្រុម ចល័ត គឺបាន ចុះអនុវត្ត វិធានការរដ្ឋបាល និង ធ្វើការណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និង អ្នកពាក់ព័ន្ធ ទាំងអស់ ត្រូវ ចូលរួម អនុវត្តតាម ខ្លឹមសារ សេចក្តីសម្រេច របស់ រដ្ឋបាលខេត្តស្វាយរៀងពិសេស ការលក់ដូរ ប្រកប អាជីវកម្ម គ្រប់ ប្រភេទ អនុញ្ញាត ត្រឹមតែ ការ វេច ខ្ចប់ តែប៉ុណ្ណោះ ដោយ មិន អនុញ្ញាតឱ្យ អតិថិជន ចូលមក អង្គុយ ឬ ទទួលទាន នៅក្នុង បរិវេណ របស់ខ្លួន ឡើយ ។
លោកអភិបាលស្រុកក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បើគ្មានការចាំ បាច់សូមកុំចេញក្រៅផ្ទះ ហើយរាល់ការធ្វើដំណើរ ត្រូវមានលិខិតស្នាមបញ្ជាក់ពីអង្គភាពស្ថាប័ន ក្រុមហ៊ុន ឬ អាជ្ញាធរមូលដ្ឋានឲ្យត្រឹមត្រូវ និង បន្តចូលរួមអនុវត្តតាមការអំពាវនាវរបស់សម្តេចតេជោ នឹងត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ជានិច្ច ក្នុង ការទប់ស្កាត់ជំងឺកូវីដ-១៩ នៅកម្ពុជាតាមរយៈ ការអនុវត្តនូវវិធានការជាបន្តបន្ទាប់របស់ ក្រសួងសុខាភិបាលជាពិសេសការរក្សាអនាម័យលាងដៃឲ្យស្អាតពាក់ម៉ាសជាចាំបាច់ និង ការរក្សាគម្លាតសុវត្ថិភាពសង្គម និង គម្លាតសុវត្ថិភាពបុគ្គល និង វិធានការ៣កុំនិង៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បើជន ណា ដែល បំពាន បម្រាម វិធានការ នោះពុំមានការលើកលែងទៀតទេគឺ ត្រូវ ផាកពិន័យ ពី ១ លាន រៀល ដល់ ៥ លាន រៀលដោយមិនមានការយោគយល់នោះឡើយ ៕