គណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត បន្តចុះអនុវត្តវិធានការរដ្ឋបាលរឹតបន្តឹងលើអ្នកល្មើសបម្រាមគោចរ

បន្ទាយមានជ័យ៖ រយៈពេល10ថ្ងៃហើយ ដោយគិតចាប់ពីថ្ងៃទី29 ខែកក្តដា ឆ្នាំ2021 ដល់ថ្ងៃទី07 ខែសីហា ឆ្នាំ2021 កម្លាំងគណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត បន្តចុះអនុវត្តវិធានការរដ្ឋបាលរឹតបន្តឹងលើអ្នកល្មើសបម្រាមគោចរ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺខូវីដ-19 ជាពិសេសប្រភេទថ្មីទម្រង់ដែលតា(Delta)ចូលក្នុងសហគមន៍។

ការចុះអនុវត្តវិធានការដ្ឋបាលបណ្តោះអាសន្ន រឹតបន្តឹងលើអ្នកល្មើសបម្រាមគោចរ របស់គណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត នៅយប់ថ្ងៃទី07 ខែសីហា ឆ្នាំ2021នេះ ដឹកនាំដោយលោក កែវ ដារារស្មី អភិបាលរងក្រុងប៉ោយប៉ែត ដែលចែកចេញ02ក្រុម សំរាប់ដើរល្បាត និងអប់រំណែនាំដល់អាជីវករ ប្រជាពលរដ្ឋឲ្យចូលរួមបិទតូប ហាង និងហាមមិនឲ្យធ្វើដំណើរក្នុងចន្លោះពីម៉ោង21.00នាទី រហូតដល់ម៉ោង03.00នាទីទាបភ្លឺ បើគ្មានករណីចាំបាច់ទេនោះ។

លោក កែវ ដារារស្មី មានប្រសាសន៍ថា ការចូលរួមអនុវត្តលើបម្រាមគោចរនេះ ឃើញថាប្រជាពលរដ្ឋមានការយល់ដឹងច្រើន ដោយពួកគាត់ស្ទើរតែទាំងក្រុងទៅហើយដែលចូលរួមអនុវត្តនូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងន័យទប់ស្កាត់ការរីករាលដាលនៃជំងឺខូវីដ-19 ពិសេសខូវីដ-19បំប្លែងថ្មីទម្រង់(ដែលតា) មិនឲ្យចូលក្នុងសហគមន៍។

លោកអភិបាលរងក្រុង បញ្ជាក់ថា ក្រុមការងារចម្រុះទាំងអស់ និងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត នូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការធ្វើចរាចរណ៍ នៅចន្លោះម៉ោងបម្រាមគោចរ ដែលពលរដ្ឋមួយចំនួនតូច ដែលមិនទាន់បានចូលរួម ក្រុមការងារចម្រុះនឹងអនុវត្តឲ្យបានតឹងតែងបំផុត រហូតឈានដល់ការឃាត់មធ្យោបាយធ្វើដំណើរទុក។

សូមជម្រាបថា រដ្ឋបាលខេត្តបន្ទាយមានជ័យបានសម្រេចរឹតត្បិតសកម្មភាពការងារ មុខរបរ និងអាជីវកម្មណា ដែលប្រឈមការឆ្លងរាលដាលកូវីដ-19 មានដូចជាខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន កាស៊ីណូ រមណីយដ្ឋាន ម៉ាស្សា ស្ទីម សូណាគ្រប់ប្រភេទ។ ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទក៏ត្រូវបានហាមឃាត់ផងដែរ៕ដោយ៖សៅ នៅ

You might like

Leave a Reply

Your email address will not be published. Required fields are marked *