កំពង់ធំ៖ លោកម៉ាក ប៊ុនហុងអភិបាលក្រុងស្ទឹងសែនបានប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២១ នេះថា អាជីវករនៅក្នុងផ្សារកំពង់ធំចំនួន០៥នាក់វិជ្ជមានមេរោគ កូវីដ ១៩-រួមមានអ្នកលក់ដូរ អ្នកលក់សាច់ជ្រូក អ្នកលក់គ្រឿងទេស អ្នកកាត់ដេរ និងអ្នកលក់ចានឆ្នាំង។
លោកថាក្រោយពីអាជ្ញាធរបានទទួលព័ត៌មានភ្លាម ក៏បានធ្វើការទប់ស្កាត់បានទាន់ពេលវេលា ព្រមទាំង បានគ្រប់គ្រងអ្នកវិជ្ជមានទាំងនោះទាន់សភាពការណ៍ ផង។
លោកអភិបាលក្រុងស្ទឹងសែននិយាយថា “អាជ្ញាធរយើងបាន សម្រេចចិត្តបិទផ្សារកំពង់ធំនៅរសៀល ថ្ងៃទី ០៧ ខែសីហានេះ រហូតដល់ព្រឹកស្អែក ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២១ ទើបឲ្យដំណើរការវិញ ដោយអាជ្ញាធរបានអោយមន្ត្រីជំនាញយកថ្នាំបាញ់សម្លាប់មេរោគ កូវីដ ១៩ នៅក្នុងផ្សារ-ដើម្បីបញ្ចៀសការរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ “។
ទន្ទឹមនេះដែរ លោកអភិបាលក្រុងស្ទឹងសែន អំពាវនាដល់បងប្អូនប្រជាពលរដ្ឋគ្រប់គ្នា រស់នៅក្នុងក្រុងស្ទឹងសែនគ្រប់រូប ទៅទទួលការចាក់វ៉ាក់សាំងការពារមេរោគ កូវីដ ១៩ នៃដូសទី ២ ឲ្យបានគ្រប់ៗគ្នា ដើម្បីឲ្យសហគមន៍យើង ក៏ដូចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ផុតពីការរីករាលដាល នូវមេរោគ ដ៏កាចសាហាវមួយនេះ។