ខេត្តប៉ៃលិន ៖ ស្រ្តីម្នាក់បានអះអាងថា ជាបងរបស់ស្រ្តី ដែលបានសម្រាលកូនខ្លួនឯងនៅលើរថយន្ត ក្បែរមណ្ឌលសុខភាពស្តៅ ហើយក៏អរគុណ ម្តងហើយម្តងទៀត ចំពោះក្រុមគ្រូពេទ្យនៅទីនោះ ដែលបានយកចិត្តទុកដាក់ចំពោះប្អូនស្រីរបស់ខ្លួន ខណ:នាងឈឺពោះរៀបនឹងសម្រាលកូនពេលយប់ លុះប្តីដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ស្រាប់តែគ្រូពេទ្យផ្នែកសម្ភព មិនហ៊ានទទួ លឱ្យសម្រាល ព្រោះខ្លាចឆ្លងជំងឺកូវីដ-១៩ ដោយរុញឱ្យដឹកយកទៅសម្រាលកូននៅកន្លែងផ្សេង ។ ពេលឃើញប្រពន្ធឈឺពោះកាន់តែខ្លាំងឡើងៗ ប្តីចាប់ផ្តើមព្រួយបារម្ភ គិតអ្វីមិនចេញ ក៏ដឹកយកទៅមណ្ឌលសុខភាពផ្សេង និងគ្លីនិកក្នុងខេត្ត ។ តែគ្រូពេទ្យមិនទទួល ទើបប្រញាប់ដឹកយកទៅមន្ទីរពេ ទ្យខេត្តបាត់ដំបង ទាំងអារម្មណ៍មិននឹងនរ លុះដល់ក្បែរមណ្ឌលសុខភាពស្តៅ នាងឈឺពោះយ៉ាងសន្ធាប់កាន់តែខ្លាំងឡើងៗ ដោយកូនបម្រះរកចេញមកក្រៅ បណ្តាលឱ្យសម្រាលខ្លួនឯង ស្របពេ លនោះ បានក្រុមគ្រូពេទ្យមណ្ឌលសុខភាពស្តៅជួយទាន់ពេលវេលា ។
ហេតុការណ៍ស្រ្តីសម្រាលកូនខ្លួនឯង លើរថយន្តនេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅក្បែរមណ្ឌលសុខភាពស្តៅ ក្នុងឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
ស្រ្តីដែលសម្រាលកូនម្នាក់ឯងលើរថយន្តមាន ឈ្មោះ មាន ប៊ុនណាត អាយុ៣៨ឆ្នាំ ប្តី ឈ្មោះ តាំង សម្បត្តិ អាយុ៤១ឆ្នាំ មានកូន៣នាក់ ក្នុងបន្ទុក ស្រី១ ប្រុស២ ដោយកូនចុងក្រោយនេះ ជាកូនប្រុស រស់នៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ កាលពីល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ភ្នាក់ងារយើង បានព្យាយាមទាក់ទងទៅលោក ស្លេះ យូ ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន ជាច្រើនលើកច្រើនសារ តែអត់មានអ្នកទទួលទូរស័ព្ទ ។ ចំណែកលោកវេជ្ជបណ្ឌិត កឹម សំណាង ប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បានបំភ្លឺឱ្យដឹងដែរថា ៖ ដោយសារនៅមុនពេលស្រ្តីខាងលើ ចូលទៅសម្រាលកូនក្នុងថ្ងៃដដែល មានស្រ្តីម្នាក់ទៀត មកសម្រាលកូនដោយធ្វើការវះកាត់ លុះក្រោយមកក៏ពិនិត្យឃើញមានផ្ទុកវិជ្ជមានជំងឺកូវីដ១៩ បណ្តាលឱ្យឆ្លងទៅគ្រូពេទ្យផ្នែកវះកាត់មួយចំនួន ។ ពេលនោះបណ្តាល ឱ្យក្រុមគ្រួពេទ្យធ្វើចត្តាឡីស័ក រីឯគ្រូពេទ្យផ្សេងទៀត ត្រូវបានបែងចែកទៅតាមគោលដៅនីមួយៗ បណ្តាលឱ្យខ្វះពេទ្យ ខណ:ពេទ្យឆ្មបមួយចំនួនក៏បានឆ្លងជំងឺកូវីដ១៩ នេះដែរ ។ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ទៀតថា ខាងលោក ក៏សុំទោសទៅក្រុមគ្រួសារស្រ្តីជនរងគ្រោះខាងលើ ដែលបានសម្រាលកូនម្នាក់ឯង ជំនួសឱ្យក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេ្តតប៉ៃលិន ដែលមិនបានសម្រាលកូនឱ្យគាត់ផងដែរ ៕ ដោយ ៖ នីយ៉ា