ឃាត់ខ្លួនក្មេងទំនើង1នាក់ក្នុងចំណោម4នាក់ ដែលជិះម៉ូតូដេញកាប់ជនរងគ្រោះផ្អើលក្រុងសិរីសោភ័ណទាំងថ្ងៃ

បន្ទាយមានជ័យ៖ កម្លាំងកងអាវុធហត្ថក្រុងសិរីសោភ័ណ ឃាត់ខ្លួនក្មេងទំនើង1នាក់ ក្នុងចំណោមក្មេងទំនើង4នាក់ ជិៈម៉ូតូដេញវាយ និងដេញកាប់ជនរងគ្រោះទាំងកណ្តាលថ្ងៃនៅក្រុងសិរីសោភ័ណ បញ្ជូនទៅកាន់តុលាការនៅថ្ងៃទី28 ខែកក្កដា ឆ្នាំ2021 ចាត់ការតាមច្បាប់។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ចាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ និងចុះស្រាវជ្រាវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យូរ បញ្ញា ហៅខ្នារ ភេទប្រុស អាយុ19ឆ្នាំ នៅថ្ងៃទី26ខែកក្កដា ឆ្នាំ2021 នៅចំណុចផ្លូវចុះរោងចក្រទឹកស្អាត ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ រួមទាំងដកហូតម៉ូតូ01គ្រឿងម៉ាកហុងដាCD ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1V-4750 ដែលជាម៉ូតូជិះធ្វើសកម្មភាព។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បញ្ជាក់ថា តាមចម្លើយសារភាពរបស់ជនសង្ស័យ នៅវេលាម៉ោង12និង30នាទី ថ្ងៃទី20 ខែកក្កដា ឆ្នាំ2021 នៅចំណុចលើកំណាត់ផ្លូវជាតិលេខ5 ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានក្រុមក្មេងស្ទាវ1ក្រុមបានធ្វើសកម្មភាពជិះម៉ូតូចំនួន02គ្រឿង បានធ្វើសកម្មភាពយកកាំបិតប៉័ងតោ និងដុំថ្មគប់ទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួសដៃខាងឆ្វេង01កន្លែង និងបែកអាវម៉ូតូខាងស្ដាំ1កន្លែង បណ្ដាលឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ ក្រោយពីធ្វើសកម្មភាពរួចក្រុមក្មេងស្ទាវបានបើកម៉ូតូរត់គេចខ្លួនបាត់អស់។

លោកបន្តថា តាមចំលើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា ក្រុមក្មេងទំនើងដែលជាបក្ខពួករបស់ជនសង្ស័យចំនួន03នាក់ទៀត កំពុងរត់គេចខ្លួន ដែលកម្លាំងជំនាញកំពុងស្រាវជ្រាវតាមចាប់ខ្លួននោះ 1.ឈ្មោះ អាំង  ពុយរាំង (បារាំង) ភេទប្រុស អាយុប្រហែល17ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ/សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ 2.ឈ្មោះ រ័ត្ន អាយុប្រហែល16ឆ្នាំ មិនស្គាល់លំនៅដ្ឋាន 3.មិនស្គាល់ឈ្មោះ ត្រូវជាមិត្តភ័ក្ររបស់ឈ្មោះ រ័ត្ន ពិតជាបានធ្វើសកម្មភាពជិះម៉ូតូដេញកាប់ និងគប់ដុំថ្មទៅលើជនរងគ្រោះឈ្មោះ ផេម  ទីណា ភេទប្រុស  ពិតប្រាកដមែន ដោយឈ្មោះ រ័ត្ន យកកាំបិតប៉័ងតោគប់ និងឈ្មោះ បារាំង បានគប់ដុំថ្ម ទៅលើឈ្មោះ ផេម  ទីណា ផងដែរ ចំណែករូបគេជាអ្នកឌុបឈ្មោះ រ័ត្ន តែប៉ុណោះ៕ដោយ សៅ នៅ

You might like

Leave a Reply

Your email address will not be published. Required fields are marked *