ព្រះវិហារ៖នាព្រឹកថ្ងៃពុធ ៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ អយ្យការអមសាលាដំបូងខេត្តព្រះវិហារដោយមានឯកឧត្តម ទី សុវឹនថាល់ ជាព្រះរាជអាជ្ញា ព្រមទាំង លោក សេង ម៉េងស៊្រុន, លោក ថុល គឹមហឹង,លោក គឹម សំលេង និង លោក វុធ សាវី ជាព្រះរាជអាជ្ញារងបានយកអំណោយរបស់សប្បុរសជន ដែលបានចូលរួមឧបត្ថមជួយដល់ប្រជាពលរដ្ឋដែលបិទខ្ទប់ក្នុងទីរួមខេត្តព្រះវិហារ យកទៅចែកជូនប្រជាពលរដ្ឋជួបការលំបាកចំនួន៣៩គ្រួសារស្ថិតនៅភូមិភារកិច្ច សង្កាត់ប៉ាហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ដើម្បីជាការឆ្លើយតបទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃនិងដើម្បី ចូលរួមការពារនៃការរីករាលដាលនៃជំងឺ កូវិដ-១៩ (Covid-19) ផងដែរ។
ក្នុងនោះដែលលោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារបានណែនាំអោយប្រជាពលរដ្ឋ ចូលរួមគោរពវិធានការរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលគឺ ៣កុំ និង៣ការពារ លើសពីនេះលោកព្រះរាជអាជ្ញារងក៏បានផ្តាំផ្ញើរជូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតក្នុងអំឡុងពេលបិទខ្ទប់នេះសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៦ ២៧៥ ៦៤០៣ ដើម្បីលោកអោយក្រុមការងាររៀបចំចាត់ចែងយកទៅប្រគល់ជូនប្រជាពលរដ្ឋដែលកំពុងខ្វះខាត ។
អំណោយដែលត្រូវយកមកចែកជូននេះរួមមាន៖
១.អង្ក
២.មី
៣.ទឹកត្រី
៤.ទឹកស៊ីវអ៊ីវ
៥.អំបិល
៦.ត្រីខ
៧.បីចេង ផងដែរ៕