កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នេះ បាន ដឹកនាំ ក្រុម ការងារ ចុះពិនិត្យស្ថានភាពនៃសួនច្បារតាមមាត់ទន្លេមេគង្គ ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដើម្បីធ្វើការជួសជុលកែលម្អសួនសាធារណៈ រួមទាំងការដាំដើមឈើ និងផ្កាលម្អគ្រប់ប្រភេទបន្ថែមទៀត សំដៅលើកកំពស់សោភ័ណភាព អនាម័យ បរិស្ថានស្រស់បំព្រង រួមទាំងការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ឲ្យសាកសមនឹងទីក្រុងជ័យលាភីរំដួល៣ទង និងជាទីកន្លែងដ៏ទាក់ទាញ សម្រាប់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ មកលំហែកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធពីជំនោរទន្លេមេគង្គ។គួរបញ្ជាក់ថាក្រុងកំពង់ចាម ជាក្រុងដែលទទួលបានជ័យលាភី រំដួល៣ទង ក្នុងការចូលរួមប្រឡងប្រណាំងទីក្រុងស្អាត ក្នុងក្របខណ្ឌទូទាំងប្រទេស កាលពីឆ្នាំ២០១៨ កន្លងទៅ ប៉ុន្តែជាអកុសលនៅឆ្នាំបន្ទាប់គ្រោះទឹកជំនន់ទន្លេមេគង្គបាន បំផ្លិចបំផ្លាញ ជាច្រើន ពាន់ ម៉ែត្រ នូវផ្នែកមួយចំនួននៃសួនច្បារនៅតាមបណ្តោយមាត់ទន្លេ ស្ថិតនៅសង្កាត់ចំនួន៣ ក្នុងក្រុងកំពង់ចាម ៕