ខេត្តបន្ទាយមានជ័យ៖ បុរសវ័យ59ឆ្នាំគ្មានសាច់ញាតិម្នាក់ដេកស្លាប់ នៅក្នុងផ្ទះរបស់ខ្លួន គ្រូពេទ្យជំនាញសន្និដ្ឋានថាស្លាប់ដោយខ្យល់គរ។ សពនេះ ត្រូវបានអាជ្ញាធរភូមិរាយការណ៍មកសមត្ថកិច្ច នៅវេលាម៉ោង10និង14ព្រឹកថ្ងៃទី22 ខែកក្កដាឆ្នាំ2021 ដើម្បីធ្វើកោសល្យវិច្ច័យ។
លោក ឆាយ សុផៃ មេភូមិចក់ពួកប្រាប់ថា សពនេះមានឈ្មោះ ចាន់ សែន ហៅ ភព ភេទប្រុស អាយុ59ឆ្នាំពុំមានសាច់ញាតិនោះទេ បច្ចុប្បន្នស្នាក់នៅតំបន់1 ភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ក្រោយពីទទួលបានព័ត៌មាននេះ ពីអាជ្ញាធរភូមិ សមត្ថកិច្ចចុះទៅដល់កន្លែងទីតាំងកើតហេតុ ក៏បានបង្កើតគណកម្មការត្រួតពិនិត្យរួមមានៈកម្លាំងជំនាញមកពី អធិការដ្ឋាន នគរបាលស្រុកស្វាយចេក កម្លាំងប៉ុស្តិ៍ស្លក្រាមកម្លាំងប៉ុស្តិ៍ព្រំដែនថ្នល់បែក911 លោកមេភូមិចក់ពួក និងគ្រូពេទ្យប្រចាំមណ្ឌលសុខភាពចក់ពួកបានធ្វើការត្រួតពិនិត្យលើខ្លួនប្រាណសាកសព ពុំឃើញមានស្លាកស្នាមអ្វីពាក់ពន្ធ័និងករណីឃាតកម្មឡើយ។
តាមការឆ្លើយបំភ្លឺរបស់ពលរដ្ឋរស់នៅក្បែរខាងបានរៀបរាប់ថា សពនេះធ្លាប់មានជំងឺលើសឈាម។ ក្រោយពីសមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យពិនិត្យ បានពិនិត្យសំណាករកមេរោគកូវីដ-19 តែអវិជ្ជមាន និងធ្វើកោសល្យវិច្ឆ័យរួចសន្និដ្ឋានជនរងគ្រោះស្លាប់ដោយសារខ្យល់គរ។ បន្ទាប់មកសពត្រូវបានប្រគល់ជូនអាជ្ញាធរភូមិធ្វើបុណ្យតាមប្រពៃណីយ៍៕