ពិធីចុះហត្ថលេខា លើចុះអនុស្សរណៈក្នុងការកសាងភាពជាដៃគូរកសិធុរកិច្ច រវាងសហគមន៍កសិកម្ម និងក្រុមហ៊ុនបញ្ជាទិញ

ព្រះវិហារៈ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នៅបរិវេណមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ មានការរៀបចំកម្មវិធីប្រជុំដើម្បីចុះហត្ថលេខា លើអនុស្សរណៈក្នុងការកសាងនូវភាពជាដៃគូរ រវាងបណ្ដាក្រុមហ៊ុនក្នុងស្រុកចំនួន៣ និងសហគមន៍កសិកម្មចំនួន១៣ ក្នុងខេត្តព្រះវិហារ ក្នុងការបញ្ជាទិញកសិផលកសិកម្ម៣មុខ រួមមានដំណាំដំឡូងមី ដំឡូងមីសរីរាង្គ និងគ្រាប់ស្វាយចន្ទី សម្រាប់នាំចេញទៅកាន់ទីផ្សារខាងក្រៅ។

កម្មវិធីនេះប្រព្រឹត្តិទៅ ក្រោមអធិបតីភាព លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយមានការចូលរួមពីតំណាងគម្រោងពិពិធកម្មកសិកម្មកម្ពុជា តំណាងសហគមន៍កសិកម្មទាំង១៣, តំណាងក្រុមហ៊ុនបញ្ជាទិញទាំងបី រួមមានក្រុមហ៊ុនសាជីវកម្មសហគមន៍កម្ពុជា ហៅថា ស៊ីអេស៊ីស៊ី ក្រុមហ៊ុនហង្ស ហាវេស អេហ្គ្រីខលឈ័រ និងក្រុមហ៊ុនសានតាណា អាហ្គ្រោ ប្រដាក់ ឯ.ក និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ដែលកម្មវិធីនេះ មានការគាំទ្រដោយគម្រោងពិពិធកម្មកសិកម្មកម្ពុជា  ហៅថា CASDP។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានថ្លែងឱ្យ ដឹងថា តាមរយៈការចុះហត្ថលេខា លើអនុស្សរណៈក្នុងភាពជាដៃគូរកសិធុរកិច្ច រវាងសហគមន៍ កសិកម្ម និងក្រុមហ៊ុនប្រមូលទិញនាពេលនេះ ធ្វើឡើងក្នុងគោលបំណង កសាងភាពជាដៃគូកសិធុរកិច្ច ដែលអាចជឿជាក់បានរវាងសហគមន៍កសិកម្ម ជាមួយក្រុមហ៊ុនធំៗ ដែលបញ្ជាទិញផលិតផល, ពង្រឹង និងពង្រីកខ្សែសង្វាក់តម្លៃទីផ្សារផលិតផលកសិកម្ម ព្រមទាំងពន្លឿនការរៀបចំសំណើកសិធុរកិច្ចរបស់សហគមន៍កសិកម្មដើម្បីដាក់ជូនគណៈកម្មការវាយតម្លៃទាន់ពេលវេលា។

បើទោះបីឋិតក្នុងបរិបទនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបានបង្ករផលប៉ះពាល់ធ្ងន់ធ្ងរដល់សកម្មភាពផលិតកម្មរបស់កសិករ និងសុខមាលភាពសាធារណៈយ៉ាងណាក្ដី ក៏ស្ថាប័នជំនាញ នៃមន្ទីរកសិកម្មខេត្តព្រះវិហារ បានខិតខំគៀងគរប្រមូលកសិករក្នុងខេត្ត ដែលប្រកបរបរក្នុងផលិតកម្មដំណាំកសិកម្មប្រឹងប្រែងផលិតនូវកសិផលនានា បំពេញតម្រូវការទីផ្សារ មិនតែប៉ុណ្ណោះមន្ទីរកសិកម្មក៏បានស្វះស្វែងរកនូវក្រុមហ៊ុននានាឱ្យចូលរួមចុះអនុស្សរណៈកសាងភាពជាដៃគូរ “កសិធុរកិច្ច” ក្នុងទិសដៅធានាបាននូវទីផ្សារចរាចរផលិតផល មិនឱ្យកកស្ទះដល់សកម្មភាពផលិតកម្ម ជាក់ស្ដែងដូចកម្មវិធីនាពេលនេះបង្ហាញជាសក្ខីភាពសំដៅដល់ការផលិត សម្រាប់បម្រើដល់ការនាំ  ចេញទៅទីផ្សារខាងក្រៅ ធានាឱ្យសហគមន៍កសិករមានប្រភពចំណូលចរន្ដ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងការបង្កើតការងារថ្មីៗសម្រាប់បំពេញតម្រូវការទីផ្សារពលកម្មផងដែរ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *