កិច្ចប្រជុំផ្សព្វផ្សាយក្នុងការចូលកាន់មុខតំណែង និងបំពេញការងារ អភិបាលរងខេត្តប៉ៃលិន

ខេត្តប៉ៃលិន ៖ នៅរសៀលថ្ងៃចន្ទ ១០កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១   លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តប៉ៃលិន នៅក្នុងបរិវេណសាលាខេត្តប៉ៃលិន ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត ចំណុះឲ្យរដ្ឋបាលខេត្ត ប៉ៃលិនផងដែរ ។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ទេរភារកិច្ច លោកជំទាវ ជា លាភ ពីអភិបាលរងខេត្តប៉ៃលិន ឲ្យមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ និងតែងតាំងលោកស្រី ឡូញ ឈាង ឲ្យកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិនជំនួសលោកជំទាវ ជា លាភ ដែលដល់អាណត្តិកាងារ០៨ឆ្នាំ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានកំណត់។ ទន្ទឹមនោះ រាជរដ្ឋាភិបាលក៏បានសម្រេចផ្ទេរភារកិច្ច លោក គោស៊ុ ប៊ុនសឺត ពីអភិបាលរងខេត្តព្រះវិហារទៅជាអភិបាលរងខេត្តប៉ៃលិន ជំនួសលោក ធូ ភា ដែលត្រូវបានផ្ទេរភារកិច្ចឲ្យទៅកាន់មុខតំណែងថ្មី ។

លោកស្រី ឡូញ ឈាង និងលោក គោស៊ុ ប៊ុនសឺត  អភិបាលរងខេត្តប៉ៃលិន ដែលទើបប្រកាសតែងតាំងថ្មី បានឡើងធ្វើការប្តេជ្ញាចិត្ត ជូនដល់គណៈអធិបតី និងអង្គពិធីទាំងមូល និងបន្តអនុវត្តកិច្ចការងារឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការកំណែទម្រង់ ចូលរួមអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ពង្រឹងសាមគ្គីភាពផ្ទៃក្នុងក្នុងការដឹកនាំ គ្រប់គ្រង ផ្តល់ការយកចិត្តទុកដាក់ការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ ។ល។

លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើដល់ លោក លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន ដែលទើបប្រកាសតែងតាំងថ្មី និងបានកោតសរសើរចំពោះការដឹកនាំកន្លងមក ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ។លោកជំទាវ ក៏បានបន្តទៀតថា ត្រូវមានការសហការសាមគ្គីភាពផ្ទៃក្នុងរវាងថ្នាក់លើ និងថ្នាក់ក្រោម ត្រូវបន្តយកចិត្តទុកដាក់លើកការសម្របសម្រួលដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ជំរុញបន្ថែមការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព គុណភាព និងតម្លាភាព ។ជាថ្មីម្តងទៀត លោកជំទាវ សំណូមពរឲ្យ ពង្រឹងការគ្រប់គ្រងមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា ក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត ដោយអវត្តតាមសេចក្ដីណែនាំលេខ ០៥៥សណន របស់ក្រសួងមហាផ្ទៃ ដើម្បីរួមគ្នាបំពេញការងាររបស់រដ្ឋបាលខេត្តឲ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ពិសេសអនុវត្តន៍តាមអភិក្រមទាំង ០៥ គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល វះកាត់។តាមដានត្រួតពិនិត្យជាប្រចាំអំពីបញ្ហាប្រឈមនានា ដែលនឹងអាចកើតមានឡើង ក្នុងការអនុវត្តតួនាទី ភារកិច្ច ដែលបានកំណត់ ព្រមទាំងខិតខំស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដើម្បីធ្វើយ៉ាងណាត្រូវរក្សាឲ្យយបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ។ បន្ថែមលើនេះលោកជំទាវបានក្រើនរំលឹកដល់មន្រ្តីក្រោមឱវាទទាំងអស់ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងជម្ងឺ កូវីដ ១៩ និងត្រូវបន្តអនុវត្ត ៣ការពារ៣កុំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *