ខេត្តកំពង់ឆ្នាំង៖ភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់បណ្ដាលដើមឈើដាំលំអរក្នុងសួនច្បារសម្ដេចចៅហ្វាវាំងគង់សំអុលជាច្រើនដើម ដួលរលំនិងផ្ទះប្រជាពលរដ្ឋបានរងការខូចខាតប៉ើងដំបូល ។
ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី 18 ខែកក្កដា ឆ្នាំ 2021 មហសិលមិញគ្រាដែលភ្លៀងនិងខ្យល់កន្ត្រាក់បានកើតឡើងនៅខេត្តកំពង់ឆ្នាំង ។
សួនច្បារសម្ដេចចៅហ៊្វាវាំងគង់សំអុលដែលស្ថិតនៅក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី 19 ខែកក្កដា២០២១នេះត្រូវ គេមើលឃើញថារដ្ឋបាលក្រុងកំពង់ឆ្នាំង សហការជាមួយរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង បានរួមគ្នាចុះលើកដើមឈើនិងជីកដាក់ដាំឡើងវិញ ដោយគេបានទិញបង្គោលឈើជាច្រើនមកចងនិង ទប់លំនឹង ដែលមានសរុបចំនួន 21 ដើម ក្នុងនោះមានដើមធ្នុង ដើមបេង និងដើមចំប៉ីផងដែរ ។
ក្នុងនោះក៍មានដើមឈើធំៗ ចំនួន២ដើមទៀតដែលមិនអាចលើកដោយដៃបាន ត្រូវរង់ចាំគ្រឿងចក្រមកលើកដាក់បញ្ឈរ ហើយជីកដាំអោយជ្រៅឡើងវិញ ។
ជុំវិញករណីខាងលើនេះមន្ត្រីជំនាញដែលបានចូលរួមដាក់ដាំដើមឈើដែលបានរលំឡើងវិញទាំងអស់នោះបានចាប់អារម្មណ៍ថាមានដើមឈើខ្លះត្រូវបានគេដាំទាំងការ៉ុងដែលគេបានវេចខ្ចប់ឬសដោយមិនស្រាយឬហែកការុងចេញធ្វើឲ្យដើមឈើមិនអាចចាក់ឫសដុះបានឡើយហើយបញ្ហានេះមានការដាក់ បន្ទុកដល់អ្នកសាងសង់សួនច្បារនេះផងផងដែរថា ធ្វើមិនយកចិត្តទុកដាក់ឲ្យតែរួចពីដៃ ហើយការដែលបានជីរណ្ដៅដាក់ដាំមិនអោយជ្រៅ ។
ដោយឡែកថ្ងៃដដែលនោះ ភ្លៀងនិងខ្យល់កន្ត្រាក់បណ្ដាលឲ្យដួលរលំខូចខាតផ្ទះប្រជាពលរដ្ឋ ដែលគិតត្រឹមម៉ោង 2 រសៀលថ្ងៃទី 19 ខែកក្កដានេះ សាខាកាកបាទក្រហមនៅមិនទាន់ទទួលបានទូរលេខសរុបនៅឡើយទេ ។
ប៉ុន្តែបើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា ផ្ទះចំនួន 5 ខ្នងក្នុង ឃុំសំរោងសែន និងឃុំស្វាយរំពារ ស្រុកកំពង់លែង រួមទាំងសាលាបឋមសិក្សាមួយផងបានរងការខូចខាត ដោយសារខ្យល់កន្ត្រាក់នេះផងដែរ ។
គួររំលឹកថារដ្ឋបាលសាលាខេត្តកំពង់ឆ្នាំងបានប្រកាសស្ដីពីការជូនដំណឹងរបស់ក្រសួងធនធានទឹក ឲ្យមានការប្រុងប្រយ័ត្នចំពោះភ្លៀងនិងខ្យល់កន្ត្រាក់ដែលនឹងកើតមានឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ៕ដោយ សុក្ខារិន