ទីតាំងអគាររបស់រដ្ឋចំនួន៤ រួមនឹងគ្រែពេទ្យចំនួន៨០០គ្រឿង ត្រូវបានរដ្ឋបាលខេត្តប៉ៃលិន រៀបចំជាមណ្ឌលចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ~១៩ ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់ការរាលដាលវីរុសកូវីដ~១៩

ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណកម្មាធិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត និងឯកឧត្តម សៅសារ៉ាត់ អ្នកតំណាង រាស្រ្តមណ្ឌលប៉ៃលិន បានដឹកនាំក្រុមការងារ មកពីមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ចុះពិនិត្យមើលមណ្ឌល ចត្តាឡីស័កចំនួន៤កន្លែង ។

នៅក្នុងកិច្ចចុះពិនិត្យមណ្ឌលចត្តាឡីស័កទាំង៤កន្លែងខាងលើនេះ ស្ថិតនៅក្នុងភូមិក្បាលព្រលាន១ កន្លែង គឺនៅមជ្ឈមណ្ឌលអភិវឌ្ឍស្រ្តី របស់មន្ទីរកិច្ចការនារីខេត្ត (នៅ ចំណុចស្រែត្នោត) ក្នុងភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន និង នៅក្នុងអនុវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ , វិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ក្នុងឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ដោយអនុវត្តតាមការណែនាំ និងវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ របស់ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា និងក្រសួងសុខាភិបាល រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំមណ្ឌលចត្តាឡីស័ក ជាច្រើនកន្លែង សម្រាប់ប្រជាពលរដ្ឋ ដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ-១៩ និងអ្នកដែលទើបតែ វិលត្រលប់មកពីតំបន់ប្រឈមនានា តាមបណ្តារាជធានី/ខេត្ត ។ ក្នុងករណីសង្ស័យ បន្ទាប់ពីក្រុម គ្រូពេទ្យជំនាញពិនិត្យសុខភាព ជាពិសេសពលករដែលបានវិលត្រឡប់មកពីក្រៅប្រទេស ព្រមទាំងបានរៀបចំក្រុមការងារធ្វើការចម្អិនម្ហូបអាហារសម្រាប់បងប្អូនដែលកំពុងធ្វើចត្តាឡីស័កផង ដែរ ។

លោកជំទាវអភិបាលខេត្តបានជម្រុញដល់លោកគ្រូអ្នកគ្រូទាំងអស់សូមចូលរួមរៀបចំសម្អាតអនាម័យបរិស្ថានក្នុងបរិវេណសាលារៀន និងនៅតាមបន្ទប់រៀននីមួយៗ ឱ្យបានស្អាតល្អ និង មានសោភណ្ឌភាព។បើទោះបីជាវិស័យអប់រំយុវជននិងកីឡាត្រូវបានផ្អាកការសិក្សារៀនសូត្រទូទាំងប្រទេសដោយសារជំងឹកូវីដ១៩ក៍ដោយ តែយើងមិនត្រូវភ្លេច ការសម្អាតបរិស្ថានសាលារៀននោះ ឡើយ ។

លោកជំទាវក៏បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះកងម្លាំងសមត្ថកិច្ចនិងក្រុមគ្រូពេទ្យជំនាញ ព្រមទាំងមន្ត្រីរាជការទាំងអស់គ្រប់ជាន់ថ្នាក់ដែលកំពុងបំពេញបេសកកម្មសម្រាប់ប្រជាជននិងប្រទេសជាតិ នៅតាមគោលដៅ និងតាមមណ្ឌលចត្តាឡីស័កនានាក្នុងខេត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ជាពិសេសរួមគ្នាអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន គឺ៣ការពារ ៣កុំ ។

សូមបញ្ជាក់ផងដែរថា ៖ ជំនួយគ្រែសម្រាប់អ្នកជំងឺសម្រាកព្យាបាលជំងឺកូវីដ ១៩ ទទួលបាន ពីឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មានចំនួន៨០០គ្រែ ស្មើនឹង៤មណ្ឌល ដោយក្នុង១មណ្ឌលទទួលបាន២០០គ្រែ ៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *