ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ក្នុងនាមលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្តម លី ធុចបានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ បន្តចូលរួមមហាចលនាគ្រួសារខ្មែរតែមួយ ជាតិតែមួយ អនាគតតែមួយ និងគោលដៅតែមួយ ក្រោមម្លប់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន។
ឯកឧត្តម លី ធុច បាន លើក ឡើង បែប នេះ ក្នុង ឱកាស អញ្ជើញជាអធិបតីក្នុងពិធីខួប អនុស្សាវរីយ៍ លើក ទី៧០ នៃ ការ បង្កើត គណបក្ស ប្រជាជន កម្ពុជា និងផ្សព្វផ្សាយ “ផែនការសកម្មភា ពសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២” នៅក្រុងបាវិត ខេត្តស្វាយរៀង ដែលមាន ការចូលរួមពីក្រុមការងារគណបក្សចុះជួយសង្កាត់ទាំង៥ សមាជិក សមាជិការ គណៈកម្មាធិការគណបក្សក្រុង និងគណៈកម្មាធិការគណបក្សសង្កាត់។
ក្នុងឱកាសនេះ ឯកឧត្តមបាន កោតសរសើរប្រកបដោយការវាយតម្លៃខ្ពស់ ចំពោះសមាជិក សមាជិកា ក្រុមការងារគណបក្សគ្រប់ថ្នាក់ កន្លងមក ដែលបានយកចិត្តទុកដាក់ គាំទ្រ និងជំរុញលើកទឹកចិត្តដល់សមាជិកបក្ស ឲ្យមានការបំពេញភារកិច្ចសម្រេចបានជោគជ័យជាបន្តបន្ទាប់ ពិសេសការឆ្លើយតបនឹង គុណបំណាច់ និងការផ្តល់សេចក្តីទុកចិត្តជូនបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ដែលថ្មីៗនេះប្រឈមនឹងបញ្ហាចំពោះមុខ បានចូលរួមយ៉ាងសកម្មដឹកនាំប្រយុទ្ធទប់ស្កាត់ជំងឺ ឆ្លងកូវីដ១៩ ការរក្សាសន្តិសុខ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ បង្កើនបាននូវជំនឿជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
ជាមួយ គ្នា នេះ ឯកឧត្តម លី ធុច ក៏បាន ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលជានិច្ចកាលសម្តេចទាំងពីរមានមនោសញ្ចេតនាស្រឡាញ់រាប់អាននិង រួមសុខរួមទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ និងដោះស្រាយទុក្ខលំបាកសព្វបែបយ៉ាង គ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។
ក្នុង ពិធី ផ្សព្វផ្សាយ នេះ ឯកឧត្តម លី ធុច បាន ប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយ ដែលមានអាយុវែងជាងគេនៅក្នុងប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា ហើយក៏ជាគណបក្សដែលបានតស៊ូគ្រប់កាលៈទេសៈជាមួយប្រជាជន និងប្រទេសជាតិ ដោយបាននាំមកនូវសមិទ្ធិផលមហាសាលជូនជាតិមាតុភូមិ ជាពិសេសបាននាំមកនូវសុខ សន្តិភាព ហើយនឹងបាននាំមកនូវការអភិវឌ្ឍប្រទេសជាតិដ៏អស្ចារ្យក្នុងប្រវត្តិសាស្រ្ត ប្រែក្លាយប្រទេសកម្ពុជា ពីប្រទេសក្រីក្រ និង មាន ប្រជាជន ប្រមាណ ៧លាន នាក់ ទៅជា ប្រទេស ដែល មាន ការ អភិវឌ្ឍ លេី គ្រប់ វិស័យ និង មាន ប្រជាជន ជាង ១៦ លាន នាក់ ។
គណបក្សប្រជាជនកម្ពុជា បាននឹងកំពុងកសាងនូវមុខមាត់ថ្មី រូបរាងថ្មី ក្តីសង្ឃឹមថ្មី និងការញញឹមថ្មីសម្រាប់ប្រជាជន និងប្រទេសជាតិទាំងមូល ជាមួយនឹងសុខសន្តិភាព និងសេ្ថរភាពពាសពេញផ្ទៃប្រទេស ដោយបានផ្តល់នូវឱកាសនៃការអភិវឌ្ឍ និងឱកាសជូនដល់ប្រជាជនគ្រប់រូប ដើម្បីកសាងអនាគតរបស់ខ្លួនគ្មានដែនកំណត់ឡើយ គឺមានតែជើងមេឃទេ ជាពិសេសនៅពេលដែលប្រជាជនឈរជាមួយនឹងការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតដើម្បីអនាគតយើង អនាគតប្រទេសជាតិយើង ពូជសាសន៍យើង អនាគតរុងរឿងរបស់យើងម្នាក់ៗ និងក្រុមគ្រួសារយើង។
បញ្ចប់ កម្មវិធី នេះ ឯកឧត្តម លី ធុច និង សហការី ក៏ បាន អញ្ជើញ តម្លើង ប៉ាណូ គណបក្ស ជា និមិត្តរូប ដេីម្បី អបអរសាទរ ខួប អនុស្សាវរីយ៍ លើក ទី ៧០ នៃ បង្កើត គណបក្ស ប្រជាជន កម្ពុជា នៅ មុខ ទីស្នាក់ការ គណបក្ស សង្កាត់ បាទី ក្រុង បាវិត ។