ភ្នំពេញៈ បុរសជនជាតិបរទេសម្នាក់ ដែលស្នាក់នៅក្នុងខុនដូរមួយកន្លែង ស្ថិតនៅ ផ្លូវលេខ១០BT ភូមិសន្សំកុសល៥ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ មានការជាប់ពាក់ព័ន្ធផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ បានរឹងទទឹង មិនព្រមឲ្យក្រុមគ្រូពេទ្យយកសំណាក តាំងពីព្រឹករហូតដល់ល្ងាច បើទោះបីជាក្រុម គ្រូពេទ្យ បានព្យាយាមបញ្ចុះបញ្ចូល ពន្យល់ហេតុផលយ៉ាងណាក៏ដោយ ប្រតិបត្តិការនេះធ្វើឡើង នៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។
ដោយមានការស្នើសុំពីក្រុមគ្រូពេទ្យ និងមានការបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ កម្លាំងអន្តរាគមន៍របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រៀម ប្រចាំការ នៅសាលារាជធានីភ្នំពេញ បានចេញសហការ ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌមានជ័យ និង ក្រុមគ្រូពេទ្យក្រសួងសុខាភិបាល ចុះទៅដល់ទីតាំងខុនដូផ្ទាល់ និងបានបង្ខំឲ្យ បុរសជនជាតិបរទេសម្នាក់នោះ យល់ព្រមឡើងរថយន្ត សាម៉ុយ ជាមួយក្រុមគ្រូពេទ្យ ទៅកាន់មណ្ឌល សុខភាពចាក់អង្រែក្រោម ដើម្បីយកសំណាកពិនិត្យរកកូវិដ១៩ផងដែរ៕SKS