អាជ្ញាធរខេត្តចុះពិនិត្យមើលសណ្តាប់ធ្នាប់ និង ការសាងសង់អគារថ្មីបន្ថែម១ផ្នែកទៀត នៅក្នុងផ្សារសាមគ្គី

ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយអភិបាលរងខេត្ត អភិបាលក្រុង មន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត បានអញ្ជើញចុះពិនិត្យមើលសណ្តាប់ធ្នាប់ ការសាងសង់អគារថ្មីបន្ថែម១ផ្នែកទៀត នៅក្នុងផ្សារសាមគ្គី (ហៅផ្សារប៉ាហ៊ី) ស្ថិតក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីបង្កលក្ខណៈងាយស្រួល ដល់បងប្អូនអាជីវករ ក្នុងការប្រកបមុខរបរអាជីវកម្ម ឱ្យមានរបៀបរៀបរយ និងមានសោភ័ណភាពល្អ ងាយស្រួលលក់ដូរ និងចូលទិញរបស់របរផងដែរ ។

ក្នុងឱកាសចុះពិនិត្យមើលនោះដែរ លោកជំទាវ អភិបាលខេត្ត បានណែនាំដល់ប្រធានគ្រប់គ្រងផ្សារថា ៖ អគារដែលកំពុងតែរៀបចំសាងសង់ ត្រូវឱ្យមានគុណភាពល្អ ប្រើប្រាស់បានយូរអង្វែង មានសោភ័ណភាពទាក់ទាញអារម្មណ៍ អតិថិជន មានកន្លែងជ្រកម្លប់សមរម្យ មានចំណតម៉ូតូ រថយន្តត្រឹមត្រូវ មិនចង្អៀតពេក និងមិនត្រូវយកភាស៊ីចំពោះបងប្អូនអាជីវករមកពីតាមភូមិ ដែលលក់ដូរបន្លែ ត្រី សាច់ តិចតួចតាមកញ្ច្រែងនោះឡើយ ។ លោកជំទាវ ក៏បានផ្តាំផ្ញើដល់បងប្អូនអាជីវករទាំងអស់ ត្រូវតែរក្សាអនាម័យកន្លែងលក់ដូរឱ្យបាន ដោយរៀបចំទុកដាក់សម្រាម កាកសំណល់អោយបានល្អ ជៀសវៀងបោះចិលពាសវាលពាសកាល បង្កផលប៉ះពាល់ដល់បរិស្ថាន ហើយក៍ងាយស្រួលដល់ក្រុមអនាម័យប្រមូលដឹកតាមរថយន្តយកទៅចាក់ចោលនៅទីលានចាក់សម្រាមផងដែរ ។ លើសពីនេះ ត្រូវធ្វើការពាក់ម៉ាស់ជាប្រចាំ និងឧស្សាហ៍លាងសម្អាតដៃនឹងសប៊ូ ឬទឹកអាល់កុល ជែល ពេលកំពុងលក់ដូរ អាប់លុយជាដើម ដើម្បីការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលនៅក្នុងសហគមន៍ ។ ម្យ៉ាងវិញទៀត អាជីវករទាំងអស់ មិនត្រូវលក់ដូររំលោភលើចំណីផ្លូវ ដោយយកធ្វើជាកន្លែងលក់ដូរនំាឱ្យចង្អៀតនោះឡើយ ៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *