កណ្តាលៈ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសក្រុងតាខ្មៅឃាត់ខ្លួនក្នុងករណីជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន នានៅថ្ងៃទី២៣មីនាឆ្នាំ២០២១វេលាម៉ោង៦និង៥៥នាទីព្រលប់ នៅចំណុចផ្លូវលំ ភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ប៉ូលិសនិយាយថា ជនសង្ស័យ ឈ្មោះអឿន សុខហៀង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិតាក្ដុល សង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបើកបររថយន្ដ។វត្ថុតាងចាប់យករួមមាន ម្សៅក្រាមសថ្លាសង្ស័យសារ ធាតុញៀនចំនួន០៧កញ្ចប់(ធំ០៤,តូច០៣), ម៉ូតូ០១ គ្រឿងម៉ាកScoopy ពណ៌ក្រហម ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ1BE-2824,ថង់សម្រាប់វេចខ្ចប់មួយចំនួន,ឧបករណ៍សម្រាប់ប្រើប្រាស់ សារធាតុញៀន(កន្ទោង)ចំនួន០៣, ទូរស័ព្ទចំនួន០២គ្រឿង(ម៉ាកVIVOពណ៌ក្រហមចំនួន១និង ម៉ាកNokia អ៉ិនចុចពិលពណ៌ខ្មៅ ចំនួន១)និងកាបូបដៃពណ៌ខ្មៅចំនួន០១។
ប៉ូលិសបន្តថា មុនពេលកើតហេតុកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលព្រែកហូរចេញ ល្បាតដល់ចំណុចកើត ហេតុខាងលើ ក៏ឃើញជនសង្ស័យកំពុងតែជិះម៉ូតូ ដោយមានការសង្ស័យក៏បានឃាត់សួរនាំនិងឆែក ឆេររកឃើញថ្នាំញៀនចំនួន០៧កញ្ចប់លាក់ទុកនៅក្នុងកែបម៉ូតូរួចរាយការណ៍ជូនលោកអធិការហើយឃាត់ខ្លួនយកមកប៉ុស្តិ៍ដើម្បីសួរនាំ។នៅចំពោះមុខសមត្ថកិច្ច,ជនសង្ស័យបានសារភាពថា «ថ្នាំញៀនទាំងអស់នេះខ្លួនបានទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះរស់នៅភ្នំពេញ ក្នុងតម្លៃ១៥០$(មួយរយហាសិបដុល្លារ) ពិតប្រាកដមែន»។ ជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបាន បញ្ជូនមកប៉ូលិសផ្នែកជំនាញក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕