ខេត្តកំពង់ឆ្នាំង៖ពេលនេះអ្នកពាក់ព័ន្ធចំនួន ១១ នាក់ ក្នុងនោះមានអភិបាលរងស្រុករលាប្អៀរម្នាក់ ផងដែរ ត្រូវបានយកទៅធ្វើចត្តាឡីស័កនៅស្រុកទឹកផុសហើយ នឹងយកសំណាកទៅពិនិត្យផងដែរ។
ដោយឡែក អ្នកដែលជាប់ពាក់ព័ន្ធដោយប្រយោលចំនួន ៥៧ នាក់ក៏ត្រូវបានដាក់ឲ្យធ្វើ ចត្តាឡីសក័ នៅតាមផ្ទះរៀងៗខ្លួនផងដែល និងក្រៅពីនោះផ្សារពង្រនៅក្នុងឃុំពង្រ ស្រុករលាប្អៀរ ត្រូវបានបិទ ជាបណ្ដោះអាសន្នមិនឲ្យអាជីវករចូលលក់ដូរនោះឡើយ ។ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងលោកវិជ្ជបណ្ឌិត ប្រាក់ វ៉ុន បានអោយដឹងតាមរយះទូរស័ព្ទនៅ ព្រឹកថ្ងៃទី ២៤ ខែមីនាឆ្នាំ ២០២១បានរំលឹកព្រឹត្តិការណ៍របស់ ២នាក់ប្ដីប្រពន្ធដែលមានទីលំនៅរាជធានី ភ្នំពេញមកខេត្តកំពង់ឆ្នាំងថា កាលពីថ្ងៃទី ១៩ ខែមីនាឆ្នាំ ២០២១ មាន២នាក់ប្ដីប្រពន្ធនិងកូន២នាក់ បានបើករថយន្ត ផ្ទាល់ខ្លួនមក មើលកន្លែងចិញ្ចឹមមាន់ របស់ពួកគាត់ នៅក្នុងភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
នៅថ្ងៃដដែលនោះពួកគាត់បានទទួលដំណឹងតាមទូរស័ព្ទថាប្អូនរបស់ខ្លួនដែលជាអ្នកបើកឡានឲ្យពួកគាត់ទាំង២នាក់ មានកូវីត១៩។ក្រោយមកដោយសារមានការសង្ស័យពួកគាត់ទាំងពីរនាក់ក៏ស្ម័គ្រចិត្ត ចូលមន្ទីពេទ្យខេត្តកំពង់ឆ្នាំងដើម្បីឲ្យគេយកសំណាកទៅពិនិត្យ។ក្រោយពីបាន ផ្ដល់សំណាក់ឲ្យ ក្រុមគ្រូពេទ្យ ខេត្តរួចហើយពួកគាត់ក៏បានបើករថយន្ដទៅផ្ទះនៅឯរាជធានីភ្នំពេញវិញបាត់ផងដែរ។ លុះ វេលាទៀបភ្លឺថ្ងៃទី ២៣ ខែមីនាឆ្នាំ ២០២១ លទ្ឋផលចេញពីវិទ្យាស្ថានប៉ាស្ទ័រ រាជធានីភ្នំពេញ បានឲ្យដឹងថា ទាំង២នាក់ប្ដីប្រពន្ធមានវិជ្ជមានគូវីត ១៩ ។
ដោយហេតុនេះហើយទើបមន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង និងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងសមត្ថកិច្ចបាននាំគ្នា ដុតដៃដុតជើង ដើម្បីចាត់ការលើវិធានការនេះ ។
ប្រធានមន្ទីសុខាភិបាលខេត្ត បានអោយដឹងទៀតថាជាលទ្ធផលបានរកឃើញមានមនុស្ស១១ នាក់បានចូលរួមតុជាមួយនិង២នាក់ប្ដីប្រពន្ធ ដែលមានកូវីត១៩ ក្នុងនោះមាន អភិបាលរង ស្រុករលាប្អៀរម្នាក់ចូលរួមផង។លោកថាមនុស្សទាំង ១១ នាក់ គឺត្រូវបានមន្ត្រីជំនាញនាំយកទៅធ្វើ ចត្តាឡីស័ក នៅមណ្ឌលស្រុកទឹកផុសព្រមទាំងបានយកសំណាកទៅពិនិត្យរួចហើយនៅវិទ្យា ស្ថានប៉ាស្ទ័រ។
ហើយលទ្ធផលនៃការពិនិត្យសំណាកនៅមិនទាន់បានដឹងនៅឡើយទេ អាចឆាប់ឬយូរអាស្រ័យលើ សំណាកមានច្រើនឬតិច ដែលទូទាំងប្រទេសគេយកទៅពិនិត្យ ។
ដោយឡែកអ្នកប៉ះពាល់ដោយប្រយោលមានប្ដីប្រពន្ធនិងអ្នករកស៊ីជាមួយគ្នាគិតត្រឹមរសៀលថ្ងៃទី ២៣ ម្សិលមិញនេះយើងបានរកឃើញរហូតដល់ ៥៧ នាក់ ដែលកំពុងតែដាក់ឲ្យគាត់ធ្វើ ចត្តាឡីស័ក នៅតាមផ្ទះ ដោយមានសមត្ថកិច្ចនគរបាលយាមប្រចាំការផងដែរ នេះជាបទបញ្ជារបស់គណៈបញ្ជា ការឯកភាពខេត្ត។
ដោយឡែក ផ្សារពង្រ ស្ឋិតនៅក្នុងឃុំពង្រ ស្រុករលាប្អៀរ ដែលជាទីតាំងមួយមានសមាសភាពមនុស្ស ១១ នាក់ ដែលកំពុងតែធ្វើ ចត្តាឡីស័ក នៅស្រុកទឹកផុសនិងត្រូវបានរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ២៣ ខែមីនាឆ្នាំ ២០២១ បានប្រញ្ញាប់ចេញសេចក្តីជូនដំណឹង បិទជាបណ្ដោះអាសន្នការចរាចរ លក់ដូរក្នុងផ្សារផងដែរ។ដោយឡែកប្ដីប្រពន្ធទាំងពីរនាក់ពេលវិលត្រឡប់ទៅរាជធានីភ្នំពេញវិញត្រូវបានក្រុមមន្ត្រីជំនាញនាំយកទៅ ដាក់កន្លែងព្យាបាលរួចហើយដែរ ៕លោកស្រី សាន ផល្លា