ដាក់សម្ពោធ ឲ្យប្រើប្រាស់អគារស្នាក់ការបក្សប្រជាជនឃុំភ្នំត្បែង១ ស្រុកសង្គមថ្មី ដែលមានតម្លៃជិត៣ម៉ឺនដុល្លា

ដោយៈស៊ឹម ចរិយា

ព្រះវិហារៈ  អគារស្នាក់ការ គណបក្សប្រជាជនកម្ពុជាថ្មីមួយទៀតហើយ ស្ថិតនៅឃុំភ្នំត្បែង១ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលធ្វើការសាងសង់អស់ថវិកាជិត ៣ម៉ឺនដុល្លា ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នាព្រឹកថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២១នេះ ក្រោមអធិបតីភាព ឯកឧត្ដម មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ និងដោយមានការចូលរួម ពីឯកឧត្ដ ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ។

ឯកឧត្ដម មាស សុភា បានថ្លែងថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយនៅក្នុងឃុំភ្នំត្បែង១ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ហើយអគារនេះក៏បានបង្ហាញពីភាពរឹងមាំ និងការដឹកនាំយូរអង្វែងរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន។

ឯកឧត្ដម បន្តថា គណបក្សមួយដែលកាន់អំណាច គណបក្សមួយដែលធំជាងគេ គឺត្រូវមានកន្លែងធ្វើការសមរម្យ សម្រួលដល់ការប្រាស្រ័យទាក់ទងគ្នា ដែលនេះសរបញ្ជាក់ឲ្យឃើញថាគណបក្សដទៃ គឺមិនអាចធ្វើបានដូចគណបក្សប្រជាជនកម្ពុជាទេ បើគិតមកដល់ពេលនេះគណបក្សខ្លះមានកន្លែងធ្វើការនៅតែតាមផ្ទះនោះឡើយ។

ឯកឧត្ដម មាស សុភា ក៏បានថ្លែងនូវការអរគុណដល់ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកសង្គមថ្មី និងក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី ក៏ដូចជាគណបក្សស្រុក ឃុំ ដែលបានរួមសហការគ្នាកសាងសង់អគារស្នាក់ការគណបក្សនេះឡើងដោយទឹកចិត្តយ់ាងស្មោះស្មគ្រ ទន្ទឹមនោះដែរ ឯកឧត្ដម ក៏ថ្លែងអំពាវនាវឲ្យរួមគ្នាថែរក្សាសមិទ្ធផលនេះប្រយោជន៍ឲ្យការប្រើប្រាស់បានយូរអង្វែង ពិសេសត្រូវមានមន្ត្រីប្រចាំការនៅស្នាក់ការផងដែរ។

បើតាមលោក សំ លាងទ្រី ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី បានថ្លែងថា អគារទីស្នាក់ការគណបក្សឃុំត្បែង១ ស្រុកសង្គមថ្មី មានទំហំ ៩ គុណ ១០.៥ម៉ែត្រ ស្មើនឹង ៩៤.៥ម៉ែត្រការ៉េ មានកម្ពស់ ៦.១ម៉ែត្រ លើផ្ទៃដីទំហំ ៥០ម៉ែត្រ គុណ ៣២.៧០ម៉ែត្រ សាងសង់អំពីថ្មប្រក់ក្បឿង ក្រាលការ៉ូ ចាប់ផ្តើមសាងសង់នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ និងបញ្ចប់ការសាងសង់នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ដោយចំណាយថវិកាសរុប ១១១,០៦១,០០០រៀល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *