ខេត្តកំពង់ឆ្នាំង:បន្ទាប់ពី សារព័ត៌មានជាច្រើនបានចុះផ្សាយស្តីពី ដីដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតនៅក្នុងភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ត្រូវបាន គេលួចឈូសឆាយ រំលោភធ្វើកម្មសិទ្ធិរួចមក ពេលនេះ មន្ត្រីជំនាញបានចុះទៅ ពិនិត្យនិងធ្វើការវាស់វែង តាមប្រព័ន្ធ និយាមការ ឃើញថាពិតជាមានការរំលោភបំពាន យកចំនួន១៤ហិក តាពិតប្រាកដមែន និងកំពុងចាត់ការតាមនីតិវិធី ។នេះជាការអះអាងរបស់ប្រធានស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ។លោក ជួន សំអុល ប្រធានស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា បន្ទាប់ពីមានការផ្សាយព័ត៌មាន ស្ដីពីករណីការលួចឈូសឆាយដីជម្រកសត្វព្រៃភ្នំឱរ៉ាល់ មន្ត្រីជំនាញបានចុះធ្វើការ វាស់វែងនិងបានដឹងថា៖ មានឈ្មោះ(កៀត) ដែលជាឪពុក និង ឈ្មោះ (វីរៈ) ដែលជាកូន បានធ្វើការឈូសឆាយនឹងព័ទ្ឋរបងរំលោភយកធ្វើកម្មសិទ្ធិ អស់ចំនួន១៤ហិកតា ពិតប្រាកដមែន នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅមន្ត្រីជំនាញបានហៅ អ្នកពាក់ព័ន្ឋរំលោភដីរបស់រដ្ឋធ្វើជាកម្មសិទ្ធទាំងនោះ មកសាកសួរបំភ្លឺនៅស្នាក់ ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រចាំឃុំជៀប ពួកគេទាំង២នាក់ឪពុកកូនបានស្ម័គ្រចិត្តធ្វើកិច្ចសន្យាប្រគល់ដីដែលបានឈូសឆាយលើជូនរដ្ឋវិញ ហើយហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ បើថ្ងៃក្រោយនៅតែហ៊ានរំលោភលួចឈូសឆាយបន្តទៀត ។ជាមួយគ្នានេះលោកក៏បានដកស្រង់ការបំភ្លឺរបស់ឈ្មោះ គៀតជាឪពុក និងឈ្មោះវីរៈ ជាកូន បញ្ជាក់ថាដីចំនួន 14 ហិកតាខាងលើនេះពួកគេបានទិញពីគេខ្លះ និងខ្លះទៀតបានដោះដូរពីគេដែរ ទើបគាត់ហ៊ានឈូសឆាយនិងធ្វើរបងព័ទ្ធបែបនេះ ។អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងទទួលបន្ទុកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ លោក.ឡេងអាត.បានឆ្លើយតាមទូរស័ព្ទ យ៉ាងខ្លីថា រឿងនេះលោកបានចំណាត់ការ និងបានរាយការណ៍ជូន ឯកឧត្តមអភិបាលខេត្ត និងឯក ឧត្តមរដ្ឋមន្ត្រីរួចហើយ ។ជុំវិញនឹងចំណាត់ការ របស់មន្ត្រីជំនាញ ខាងលើនេះក៍មានមតិរិះគន់ថា គេលួចឈូសឆាយដីព្រៃក្នុងដែនជម្រកសត្វព្រៃរបស់រដ្ឋ ប៉ុណ្ណឹងហើយ បានត្រឹមចំណាត់ការធ្វើកិច្ចសន្យា ដកហូតមកវិញ ដោយមិនធ្វើការផាកពិន័យ ឬដាក់ទោសទណ្ឌ តាមផ្លូវច្បាប់ ។ដោយឡែកករណីមួយទៀត ដែល២នាក់ឪពុកនិងកូនបានបិទផ្លូវ សាធារណៈ ប្រវែងជាង៤គីឡូម៉ែត្រក្នុងភូមិសាស្ត្រខាងលើនេះ ជាង៥ឆ្នាំ ហើយ ។កន្លងទៅប្រជាពលសំណូម សុំកិច្ចអន្តរាគមន៍នានា ដើម្បីសុំបើកផ្លូវខាងលើនេះវិញ ប៉ុន្តែមកដល់ពេល នៅមិនទាន់ទទួលបានលទ្ឋផលឡើយ ។ហេតុនេះប្រជាពលរដ្ឋ សុំសំណូមពរជាថ្មី ដល់ឯកឧត្តមរដ្ឋមន្ត្រី ពាក់ពន្ឋ័ទាំងអស់សុំមេត្តាជួយអន្តរាគមន៍បើកផ្លូវឱ្យប្រជាពលរដ្ឋបានធ្វើដំណើរឡើងវិញផង ព្រោះពេលបិទជាប់បែបនេះ ប្រជាពលរដ្ឋត្រូវធ្វើដំណើរវាងឆ្ងាយណាស់ គឺច្រើនគីឡូម៉ែត្រ ដែលត្រូវចំណាយពេលវេលា ថវិការ យ៉ាងច្រើនទៀតផង នេះមិនទាន់គិតដល់ ស្ត្រីឆ្លងទន្លេ និងអ្នកជម្ងឺត្រូវបញ្ជូនមក មន្ទីរពេទ្យទៀតផង ៕ សុក្ខារិន