កណ្តាល ៖ ក្មេងប្រុសម្នាក់បើកម៉ូតូគេចពីរថយន្តឈប់លើថ្នល់ចូលចំណែកផ្លូវម្ខាង ស្របពេលរថយន្តបើកមកបុកចំពីមុខពេញទំហឹងបណ្តាលឱ្យស្លាប់ភ្លាមៗ កើតឡើងនាថ្ងៃពុធ ទី១៩ ខែមករាឆ្នាំ២០២២ វេលាម៉ោង៩និង៣០នាទី នៅលើផ្លូវជាតិលេខ១១០ ស្ថិតក្នុងភូមិព្រែកតាតិន ឃុំស្វាយប្រទាលស្រុកស្អាង ខេត្តកណ្តាល។
សមត្តកិច្ចនគរបាលបានឲ្យដឹងថា ដំបូងមានរថយន្តដឹកដីមួយគ្រឿងម៉ាកនីសាន់(NiSSAN)ពណ៌ស ពាក់ស្លាកលេខចង្កូតស្តាំPP-1555 បើកបរដោយឈ្មោះ កន សុកុល ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ បើកបររថយន្ត(ឃាតខ្លួន) មានទីលំនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងខ្មៅ ខេត្តកណ្តាល បើកបរក្នុងទិសដៅពីត្បូងទៅជើង។
លុះបើកមកដល់ចំណុចភូមិឃុំកើតហេតុខាងលើក៏មានអ្នកបើកបរម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខគ្មាន(មិនពាក់មួកសុវត្ថិភាព)បើកបរដោយឈ្មោះ ធូ គឹមហុង ភេទប្រុសអាយុ១៣ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល បើកបរក្នុងទិសដៅពីត្បូងទៅជើងស្របទិសគ្នា។
ខណៈនោះអ្នកបើកបរម៉ូតូបានបើកគេចពីរថយន្តដែលកំពុងឈប់នៅចិញ្ចើមផ្លូវខាងកើតមកចូលចំពីមុខហើយរថយន្តខាងលើក៏បានបុកដួលចូលក្រោមរថយន្ត ហើយរថយន្តក៏បានកិនម៉ូតូនិងអ្នកបើកបរម៉ូតូបណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងវាស់វែងកន្លែងកើតហេតុ និងយកវត្ថុតាងទាំងពីរយកមករក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ ចំណែកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី, ឯអ្នកបើកបររថយន្តឃាតខ្លួន។
បើតាមការសន្និដ្ឋានបឋមរនស់សមត្ថកិច្ចជំនាញថា «ករណីនេះបណ្ដាលមកពី អ្នកបើកបរម៉ូតូបើកបរគេចរថយន្តកំពុងឈប់មានការធ្វេសប្រហែស ខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្នទើបបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងតែម្តង»៕ដោយ៖ ភាវុន