ឧបនាយករដ្ឋមន្ត្រី ជា សុ ផារ៉ា ផ្តល់ថវិកាលើកទឹកចិត្តដល់សិស្សប្រលងជាប់បាក់ឌុប ជាង១៥០០នាក់ មកពីស្រុកចំនួន៤ ក្នុងខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ :  ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ បានអញ្ជើញផ្តល់ថវិកាលើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងជាប់បាក់ឌុប មកពីស្រុកក្រុងចំនួន៤  គឺស្រុកត្បូងឃ្មុំ ស្រុកមេមត់ ស្រុកក្រូចឆ្មារ និងក្រុងសួង សរុបចំនួន ១៥៦០នាក់ ខណៈសិស្សជាប់និទ្ទេសA ៣៨នាក់ ក្នុងម្នាក់ទទួលបាន៥០០ដុល្លា  ។ ដែល បាន ធ្វើ ឡើង នាព្រឹក ថ្ងៃទី ២០  ខែមករា  ឆ្នាំ ២០២២ នៅស្នាក់ការគណបក្សប្រជាជនស្រុកត្បូងឃ្មុំ។

មានប្រសាសន៍ទៅកាន់ប្អូនៗក្មួយៗ និងមាតាបិតា អាណាព្យាបាលសិស្ស ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ត្បូងឃ្មុំ  បានសាទរចំពោះជោគជ័យក្នុងការខិតខំសិក្សា នេះគឺជាកិត្តិយស ដ៏ធំធេង សម្រាប់ខ្លួនឯងផ្ទាល់ ក៏ដូចជា ក្រុមគ្រួសារ និងជាកិត្តិយស របស់អាជ្ញាធរ នៅក្នុងមូលដ្ឋាន ផងដែរ ដែលប្អូនៗក្មួយៗ បានខិតខំរៀនសូត្ររហូតប្រឡងជាប់ ពិសេសរហូតទទួលបាននិទ្ទេស A ។

 

នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានមានប្រសាសន៍ទៅកាន់ក្មួយៗទាំងអស់គ្នា ដោយកោតសរសើរក្នុងការខិតខំរៀនសូត្ររហូតទទួលបានលទ្ធផលផ្លែផ្កានាពេលនេះ ដែលជាការឆ្លងកាត់ការលំបាកជាច្រើន ជាពិសេសឧបសគ្គនៃការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ ។

ជាការឆ្លើយតបទៅនឹងកិច្ចខិតខំរបស់ក្មួយៗ ក្នុងនាមឯកឧត្តម ជាអ្នកទទួលខុសត្រូវ ក្នុងស្រុកក្រុងទាំង  ៤នេះ ក៏សូមចូលរួមអបអរសាទរ និងចូលរួមផ្ដល់ការលើកទឹកចិត្ត នូវថវិកា មួយចំនួន ដើម្បីក្មួយៗប្រើប្រាស់ឲ្យចំគោលដៅ ក្នុងអំឡុងពេលបន្តការសិក្សា នៅកម្រិតឧត្ដមសិក្សា។

ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើ ដល់ក្មួយៗទាំងអស់ ត្រូវខិតខំរៀនសូត្របន្តទៅមុខទៀត ជាពិសេស ក្រេបជញ្ជក់យកចំណេះដឹង ក្នុងអំឡុងពេលបន្តការសិក្សា នៅថ្នាក់កម្រិតឧត្ដម ដើម្បីក្លាយខ្លួនជាកូនល្អ យុវជនល្អ និងជាពលរដ្ឋល្អ ហើយយកចំណេះដឹង និងសមត្ថភាព  ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ឲ្យកាន់តែរីកចំរើនទ្វេរឡើង។

ក្នុងឱកាសសំណេះសំណាល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានផ្តល់ថវិកាលើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងជាប់:

-និទ្ទេសAចំនួន៣៨នាក់ក្នុងម្នាក់ ៥០០ដុល្លា

-និទ្ទេស B C D E ១៥២២នាក់ក្នុងម្នាក់ ១០ម៉ឺនរៀល

-ប្រធានការិយាល័យអប់រំស្រុក នាយក-នាយិកាវិទ្យាល័យ ចំនួន១៩នាក់ ក្នុងម្នាក់១០០ដុល្លា

-និងអនុប្រធានការិយាល័យអប់រំស្រុក នាយក-នាយករងវិទ្យាល័យ ៣៤នាក់ ក្នុងម្នាក់៥០ដុល្លា ។

សូមជម្រាបថា  សិស្សនិទ្ទេសA ចំនួន៣៨នាក់ ដែលទទួលថវិកាលើកទឹកចិត្តនាពេលនេះ គឺមកពីចំនួន  ៤ស្រុកប៉ុណ្ណោះ ខណៈទូទាំងខេត្តត្បូងឃ្មុំ ជាប់និទ្ទេសAមានចំនួន ៥៤នាក់ និងជាប់ជាស្ថាពរសរុប២៩៤៤នាក់  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *