បន្ទាយមានជ័យ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះឃាត់ខ្លួនជនសង្ស័យមួយក្រុម៥នាក់ ជាបន្តបន្ទាប់ ក្រោយពីធ្វើសកម្មគប់កំបិត ដាវ និងដុំថ្មទៅលើជនរងគ្រោះបណ្តាលធ្លាយពោះស្លាប់ម្នាក់ និងរបួសម្នាក់ ត្រូវបានបញ្ជូនទៅកាន់កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចាត់ការបន្តនៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បន្ទាប់ពីទទួលដំណឹងថាមានករណីអំពើហិង្សាភ្លាមបានចេញអន្តរគមន៍ សហការជាមួយកម្លាំងនគរបាលការពារព្រំដែននៃទីបញ្ជាការស្រាលភូមិភាគ៥ ចុះឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ តិ អ៊ីន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិស្ទឹងបត់ សង្កាត់ ផ្សារកណ្តាល ដកបានដាវសាំម៉ូរ៉ៃ១ដើម នៅនឹងកន្លែងកើតហេតុ នៅចំណុចផ្លូវ៣០ ក្នុងភូមិរតនសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង២៣:៣០នាទី ថ្ងៃទី១៦ខែមករា ឆ្នាំ២០២២ បន្ទាប់មកកម្លាំងសមត្ថកិច្ចបានអន្តរាគមន៍នាំជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅពេទ្យធំស្រុកមង្គលបូរីខណៈទៅដល់ពេទ្យបាត់បង់ជីវិត។
លោកអធិការបញ្ជាក់ថា នៅថ្ងៃបន្ទាប់ យោងតាមការឆ្លើយបំភ្លឺពីជនសង្ស័យខាងលើកម្លាំងសមត្ថកិច្ចបានបន្តឃាត់ខ្លួនបក្ខពួកចំនួន០៤នាក់បន្តទៀត។ ១.ឈ្មោះ ពាន សុផាន់ណា ភេទប្រុស អាយុ២២ឆ្នាំ, ២.ឈ្មោះធុច ឆាត ភេទ ប្រុស អាយុ១៨ឆ្នាំ, ៣.ឈ្មោះតាក់ ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ, ៤.ឈ្មោះឡឹក សាវុធ ហៅក្រៅ ប៉ិឡិ ភេទប្រុស អាយុ១៩ឆ្នាំ ពួកគេទាំង៤នាក់ ស្នាក់នៅភូមិយាង សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមការបញ្ជាក់ពីជនរងគ្រោះ ឈ្មោះ ស៊ាន វុទ្ធា ភេទប្រុស អាយុ២០ឆ្នាំ ត្រូវជាមិត្តភក្តិជនរងគ្រោះឈ្មោះ ផន ឌីស្កូ (សព)ហៅក្រៅ (តួ)ភេទប្រុស អាយុ២៣ឆ្នាំ បានបង្កើបថាមុនកើតហេតុពួកខ្លួនបានធ្វើដំណើរទៅកម្មវិធីមង្គលការគេនៅខេត្តបាត់ដំបង ពេលធ្វើដំណើរមកផ្ទះវិញ នៅភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត មិនទាន់ដល់ផ្ទះផង ស្រាប់តែមានក្រុមជនសង្ស័យបានធ្វើសកម្មភាពស្ទាក់ គប់ដុំថ្ម និងគប់កាំបិទដាវ មកលើពួកគេ៕ដោយៈ សៅ នៅ