កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធ ប្រឆាំង នឹងជម្ងឺកូវីដ-១៩ បានស្នេីដល់រដ្ឋបាលក្រុង ស្រុក នីមួយៗ ត្រូវណែនាំដល់ឃុំ សង្កាត់ ឲ្យជួយពន្យល់ដល់ ប្រជាពលរដ្ឋ ឲ្យបានច្បាស់លាស់ អំពីកញ្ចប់ថវិកាចំនួន ២លានរៀល ដែលរាជរដ្ឋាភិបាលផ្ដល់ជូន គ្រួសារអ្នកស្លាប់ដោយសារជម្ងឺកូវីដ-១៩ ។ ការថ្លែងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំ ស្តីពីផែនការណែនាំ អំពីគោលការណ៍ នៃការបែងចែកថវិកា សម្រាប់អ្នកស្លាប់ដោយសារជម្ងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ។
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ផ្អែកតាមគោលការណ៍ណែនាំថ្មី របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានផ្ដល់សិទ្ធិ ទៅឃុំ សង្កាត់ នីមួយៗ ដើម្បី បែងចែកថវិកាទៅគ្រួសារ ដែលបានស្លាប់ដោយសារជម្ងឺកូវីដ-១៩ ក្នុង ១គ្រួសារ សព ទទួលបានថវិកាចំនួន ២លានរៀល ។ ដូច្នេះ បន្ទាប់ពីក្រុង ស្រុក នីមួយៗ ទទួលបានថវិកានេះទៅ ត្រូវណែនាំដល់ឃុំ សង្កាត់ ត្រូវពន្យល់ដល់ប្រជាពលរដ្ឋយើង ប្រសិនបើ ពួកគាត់លើកឡើងជាសំណួរផ្សេងៗ ជុំវិញកញ្ចប់ថវិកានេះ ពីព្រោះថា កន្លងទៅ រដ្ឋាភិបាល បានកំណត់ថា សពអ្នកស្លាប់ដោយសារជម្ងឺកូវីដ-១៩ មួយសព ផ្ដល់ជូនថវិកា ចំនួន ៥លានរៀល ក៏ប៉ុន្តែ ផ្អែកតាមការងារចំណាយផ្សេងៗ ដោយរាប់ទាំង ៖ ការសម្រាកព្យាបាល ថ្នាំសង្កូវ និងការបូជាសព… ។ល។ រាជរដ្ឋាភិបាល បានសម្រេចផ្ដល់ជូន ១សព ថវិកាចំនួន ២លារៀល វិញ ។
ឯកឧត្ដម អ៊ុន ចាន់ដា បានបញ្ជាក់ដែរថា ដោយឡែក សពដែលត្រូវផ្ដល់ថវិកាជូននោះ គឺរាជរដ្ឋាភិបាល បានកំណត់អ្នកស្លាប់ រាប់គិតចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ មកដល់បច្ចុប្បន្ន នេះ តែប៉ុណ្ណោះ ។ ចំពោះ អ្នកស្លាប់មុននេះ រដ្ឋាភិបាលពុំមានគោលការណ៍ដោះស្រាយកញ្ចប់ថវិកានោះឡើយ ។ ដោយឡែក នៅខេត្តកំពង់ចាមយើង ក៏មានអ្នកជម្ងឺកូវីដ-១៩ មកសម្រាកព្យាបាល ហើយបានស្លាប់ នៅមន្ទីរពេទ្យយើង ផងដែរ ។ ដូច្នេះ កិច្ចការនេះ រដ្ឋបាលខេត្តកំពង់ចាម នឹងអញ្ជើញគ្រួសារសពទាំងនោះ មកទទួលថវិកាដោយផ្ទាល់ដៃ នៅសាលាខេត្ត តែម្ដង ៕