ដោយ៖ឈិត សំបូរ
កំពង់ធំ៖ កម្លាំងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបក្រោមបញ្ជា លោក ហោ ភាជ នាយរងអធិការ សហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ចុះអនុវត្តផ្ទាល់ដោយ លោក ចាន់ រដ្ឋា កម្លាំងសហការរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប និង លោក ឈឹម សុក្រស៊ីវត្ថា មន្ត្រីខណ្ឌ រដ្ឋបាលព្រៃឈើកំពង់ធំ ធ្វើការឃាត់បានរថយន្តដឹកឈើល្មើសច្បាប់១គ្រឿង នៅវេលាម៉ោង រសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចភូមិជាំ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ប្រភពពីសមត្ថកិច្ចជំនាញបានឲ្យដឹងថារថយន្តដែលឃាត់បាននោះម៉ាកសាំយ៉ុងពណ៌សពាក់ស្លាកលេខ ភ្នំពេញ2Q – 0696 ដឹកឈើ ប្រភេទឈើលេខ១(ត្រសេក) ចំនួន២៨ដុំ ស្មើ ១,៨០ ម៉ែត្រគូប។
ប្រភពដដែលបានបន្តឲ្យដឹងថារថយន្តនេះ ជាកម្មសិទ្ធិរបស់ឈ្មោះងឿន ហ័ន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិចុងដូង ឃុំចុងដូង ស្រុកបារាយណ៍ខេត្តកំពង់ធំ ឈើទាំងនេះដឹកចេញពីភូមិបឹង ស្រុកសណ្ដាន់ គោលដៅយកមកលក់បន្តនៅស្រុកសន្ទុក ប៉ុន្តែត្រូវកម្លាំងសមត្ថកិច្ចឃាត់បាន។
បច្ចុប្បន្នវត្ថុតាងយកមករក្សាទុកនៅអធិការរដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបរង់ចាំចំណាត់ការបន្តតាមនីតិវិធី។