ដោយ៖ស៊ឹម ចរិយា
ព្រះវិហារ៖នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ លោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ បានចូលរួមក្នុងពិធីចែកពូជសត្វពពែដល់សហគមន៍ជាំពេន និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន ២០០គ្រួសារ មកពីភូមិបង្កើនផល និងភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។
លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសសកម្មពិសេស និងជាប្រធាក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះវិហារ បានថ្លែងថា ការរីកចម្រើនរបស់ប្រទេសជាតិ នាពេលបច្ចុប្បន្ននេះ គឺក្រោមការការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានមគ្គទ្ទេសក៍ដ៏ឆ្នើមគឺសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។
លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងថា៖ « ប្រទេសយើងបានប្រារព្វខួប៣០ឆ្នាំកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ ហើយគណបក្សប្រជាជនកម្ពុជា ក៏ជាហត្ថលេខីមួយក្នុងចំណោមហត្ថលេខីជាច្រើន ប្រទេសដែលធ្វើឱ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះកើតឡើង។ កិច្ចព្រមព្រៀងនេះ បើគ្មានការចូលរួមពីគណបក្សប្រជាជនកម្ពុជាទេ ក៏មិនអាចចេញជារូបរាងដែរ តាមរយៈការចរចាររបស់សម្តេចព្រះនរោត្តមសីហនុ អតីតព្រះមហាក្សត្យព្រះបរមរតនកោដ្ឋជាមួយនឹងសម្តេចតេជោ ហ៊ុន សែន»។
ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រី មាស សុភា ក៏បានថ្លែងអំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នាបន្តចូលរួមការពារសុខសន្តិភាព ដែលទទួលបានដោយលំបាក ត្រូវប្រឆាំងដាច់ខាតចំពោះអ្នកដែលបំផ្លាញសុខសន្តិភាព អ្នកដែលធ្វើឱ្យមានចលាចលនៅក្នុងប្រទេសយើង និងត្រូវបន្តគាំទ្រនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៦ របស់រាជរដ្ឋាភិបាល ការកែទម្រង់លើគ្រប់វិស័យ ការអភិវឌ្ឍលើគ្រប់ផ្នែកទាំងអស់ សកម្មក្នុងការចូលរួមអភិវឌ្ឍន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាពក្នុងមូលដ្ឋានឲ្យបានល្អ ដោយត្រូវប្រឆាំងបទល្មើសនានារួមមាន៖ បទល្មើសព្រៃឈើ គ្រឿងញៀន ការទន្ទ្រានដីព្រៃ ចរាចរណ៍ត្រៀមលក្ខណៈក្នុងការគាំទ្រការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសរើសមេឃុំ ចៅសង្កាត់ អាណត្តិទី៥ខាងមុខនេះ។
ទាក់ទងនឹងការផ្តល់ពូជសត្វពពែជូនដល់សហគមន៍ជាំពេនសម្រាប់ចិញ្ចឹមនៅពេលនេះ លោកទេសរដ្ឋមន្ត្រី មាស សុភា ក៏បានណែនាំដល់អ្នកគ្រប់គ្រងសហគមន៍ ត្រូវមើលថែសត្វពពែនេះឲ្យបានល្អ ពិសេសអាជ្ញាធរឃុំ ស្រុក ត្រូវតាមដានសកម្មភាពការចិញ្ចឹមនេះឱ្យបានល្អដើម្បីឱ្យការចិញ្ចឹមនេះទទួលបានជោគជ័យ សម្រាប់ដំណើរការចិញ្ចឹមនៅតាមឃុំនានាទៀត។
ជាចុងក្រោយលោកក៏អំពាវនាវបន្ថែម ដល់ប្រជាពលរដ្ឋ ត្រូវបន្តអនុវត្តឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំ និង៣ការពារ ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩ ដោយមិនត្រូវសំអាងតែលើការបានចាក់វ៉ាក់សាំង និងថ្នាំព្យាបាលនោះទេ៕