កោះកុង៖កម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការបង្រ្កាបគ្រឿងញៀនមួយករណីលក្ខណៈទ្រង់ទ្រាយធំ កាលពីវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃសុក្រទី២២ ខែតុលា ឆ្នាំ២០២១នេះ នៅចំណុចតាមច្រក ចម្ការក្រោម ឃុំស្រែអំបិលនិងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងនោះជនសង្ស័យ៦នាក់ត្រូវចាប់ខ្លួននិងគ្រឿងញៀនជាង៣០០គីឡូក្រាមត្រូវរឹបអូស ។
បើតាមការឲ្យដឹងពីសមត្ថកិច្ច ជនសង្ស័យចំនួន០៦នាក់ ត្រូវបានឃាត់ខ្លួននៅលើទូកខ្នាតធំ របស់ជនជាតិថៃ ដែលបានចតក្នុងផែ ជលផល ចំណុចមាត់ពាមស្រែអំបិល ស្ថិតក្នុងភូមិកំពង់ស្ដាំ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិលខេត្តកោះកុង រួមគឿងញៀនចំនួន០៩កញ្ចប់ធំ (ស្មើ៣០០គីឡូក្រាម) ។
ជនសង្ស័យទាំង៦នាក់ ក្រោយពីកម្លាំងសមត្ថកិច្ចធ្វើការសាកសួររួចក៍បានបន្តចុះប្រតិបត្តិការ ត្រួតពិនិត្យលើទូកមួយគ្រឿងទៀត ដែលជនសង្ស័យ បានដឹកជញ្ជូនយកមកពីទូក តាមរយៈអូប័រតូចចល័តទៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។
លោកវរសេនីយ៍ឯកហួន នុន អធិការនគរបាលស្រុកស្រែអំបិល បានឲ្យដឹងថា អាជ្ញាធរខេត្តកោះកុង ដឹកនាំដោយលោកឧត្តមសេនីយ៍ គង់ មនោ ស្នងការនគរបាលខេត្ត សហការជាមួយ កម្លាំង អធិការនគរបាលស្រុកស្រែអំបិល គ្រាដំបូងកម្លាំងសមត្ថកិច្ចនៃអធិស្រុកស្រែអំបិល បានចុះឃាត់អូប័រមួយគ្រឿងមានមនុស្ស៤នាក់ ក្នុងករណីមានការសង្ស័យ ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់ នេះតែម្តងត្រង់ចំណុចភូមិចម្ការក្រោម ឃុំស្រែអំបិល ។
កម្លាំងសមត្ថកិច្ចបានត្រួតពិនិត្យនៅនឹងកន្លែងភ្លាមៗតែម្តង ដោយបានឆែកឆេរកឃើញគ្រឿងញៀនជាង៣០០គីឡូក្រាម និងបានឃាត់ខ្លួនជនសង្ស័យ ចំនួន៤នាក់ យកទៅសួរចម្លើយ ក្រោយមកពួកគេបានសារភាពថា បានដឹកជញ្ជូនគ្រឿងញៀនទាំងនោះ មកពីទូក(បាហួរអន)ស្ថិតនៅចំណុចភូមិកំពង់ស្តាំ ឃុំជ្រោយស្វាយ និងបានបន្តដំណើរទៅឃាត់មនុស្សបាន២នាក់បន្ថែមទៀតនៅលើទូក ដែលជាអ្នកយាមទូក ដែលមានម្ចាស់ផែ លោក ប៉ រានី ជានាយរងផ្នែកជលផល(មិននៅ) ហើយសមត្ថកិច្ចកំពុងធ្វើការត្រួតពិនិត្យរកគ្រឿងញៀនជាបន្តទៀត។
ការបំភ្លឺពីប្រជាពលរដ្ឋរស់នៅក្បែរនោះ អះអាងថា ទូកនេសាទខ្នាតធំនេះ បានមកចតនៅផែជាប់ស្នាក់ការជលផលរយៈពេលជាង១ខែមកហើយ ឃើញមានកូនអូប័រ ចេញ-ចូលម្ដងម្កាលមិនទៀងនោះទេ។
សមត្ថកិច្ចជំនាញ ដោយមានការសង្ស័យក៏បានយកទូកនេសាទនេះទៅផែថ្មី និងរកជាងវះឃ្លុបទូករកមើលបន្ថែមទៀតផងដែរ កាល ពីនៅវេលាម៉ោង១៣និង៣៥នាទី ថ្ងៃដដែលនេះ ហើយលួ្ធផលយ៉ាងណា នោះសមត្ថកិច្ច នឹងផ្តល់ព័ត៌មានបន្ថែមនៅពេលក្រោយនេះបន្តទៀត៕