ចាប់ខ្លួនមនុស្សជាច្រើននាក់នៅស្រុកព្រៃនប់ ក្រោយប៉ះទង្គិចជាមួយសមត្ថកិច្ចពេលចុះបង្រ្កាបពលរដ្ឋកាប់ទន្រ្ទានដីព្រៃ

ព្រះសីហនុ៖មនុស្សជាង៤០នាក់ត្រូវសមត្ថកិច្ចឡោមព័ទ្ធនិងបង្រ្កាបម្ដងជាពីរដងក្នុងនោះ៦នាក់គេសង្ស័យថាជាតំណាងត្រូវបានឃាត់យកមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី២២ តុលានេះ ។ ការឃាត់ខ្លួនមនុស្ស៦នាក់នេះ អាជា្ញធរប្រាប់ថា ពួកគេបានតតាំងជាមួយអាជា្ញធរមានសមត្ថកិច្ចពេលចុះបង្រ្កាបពាក់ព័ន្ធនឹងការកាប់ទន្រ្ទានដីព្រៃ ។ អាជា្ញធរបានប្រាប់ថា កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ខណ្ឌរដ្ឋបាលព្រៃឈើ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ បានចុះពិនិត្យ និងទប់ស្កាត់សកម្មភាពកាប់រានដីព្រៃឈើ នៅចំណុចបាតខ្ទះ ស្ថិតនៅភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ នៅពេលក្រុមការងារចម្រុះ បានចុះទៅដល់ចំណុចកើតហេតុខាងលើ ឃើញមានមនុស្សចំនួន៥៨នាក់ កំពុងធ្វើសកម្មភាពកាប់រាន ដីព្រៃ និងចងតង់ធ្វើជាជម្រក ក្នុងនោះក្រុមការងារចម្រុះបានធ្វើការណែនាំឱ្យពួកគាត់បញ្ឈប់សកម្មភាព និងត្រឡប់ទៅលំនៅដ្ឋានវិញ។ ប៉ុន្តែពួកគេហាក់មិនធ្វើតាមអាជា្ញធរ រហូតមានការតតាំងដោយប្រើអំពើហិង្សាគប់ដបសាំងមកលើកម្លាំងសមត្ថកិច្ចថែមទៀត ដូច្នេះដើម្បីបញ្ចៀសការប៉ះទង្គិចគ្នា ទើបក្រុមការងារចម្រុះបានដកថយដើម្បីរង់ចាំការណែនាំបន្ត។ អាជា្ញធរបានប្រាប់ទៀតថា រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ដោយមានការណែនាំ ពី លោក គួច ចំរើន អភិបាលខេត្ត និងការសម្របសម្រួលនីតិវិធីពី លោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក្រុមការងារចម្រុះបានចុះទៅកន្លែងកើតហេតុជាលើកទី២ ដើម្បីឃាត់ខ្លួនមនុស្ស ដែលកំពុងនៅលើទីតាំងជាក់ ស្តែងបានចំនួន៤៣នាក់ ស្រី០៨នាក់ ក្នុងនោះបានបញ្ជូនជនសង្ស័យចំនួន០៦នាក់ ទៅស្នងការដ្ឋានខេត្តព្រះសីហនុ ដើម្បីសួរនាំបន្ត ដោយឡែកអ្នកពាក់ព័ន្ធចំនួន៣៧នាក់ទៀត បន្ទាប់ពីធ្វើការសាកសួរ និងធ្វើកិច្ចសន្យា គឺបានឱ្យមេឃុំចៅសង្កាត់របស់ពួកគាត់មកធានាត្រឡប់ទៅលំនៅដ្ឋានវិញ។

យោងតាមចម្លើយពីប្រជាពលរដ្ឋទាំងនោះ គឺមានទាំងអ្នកក្នុងខេត្ត និងក្រៅខេត្ត គឺត្រូវបានមេខ្យល់ដែលមានអង្គការចាត់តាំង បានធ្វើការបោកបញ្ឆោតឱ្យចូលទៅកាប់រានដីព្រៃឈើដើម្បីយកដីចែកគ្នា។

រដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចាញ់បោកមេខ្យល់ និងជនខិលខូច ដោយធ្វើការញុះញង់ឱ្យទៅកាប់រានទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិ ឬរំលោភបំពានលើដីកម្មសិទ្ធឯកជន និងការប្រើប្រាស់អំពើហិង្សាប្រឆាំងមន្ត្រីសាធារណៈជាដើម ដែលទង្វើនេះ នឹងធ្វើឱ្យបងប្អូនក្លាយខ្លួនជាជនល្មើសនឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ថែមទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *