ដោយ៖សាយ ហ្គន
ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃសៅរ៍ ១២កេីត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារចាប់ពីអាយុ០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំនៅក្នុងខេត្តស្វាយរៀង ដែលប្រព្រឹត្តិទៅនៅក្នុងបរិវេណមន្ទីរពេទ្យខេត្ត។
អញ្ជើញចូលរួមក្នុងឱកាសនោះមាន ឯកឧត្ដម អភិបាលរងខេត្ត លោកប្រធាន អនុប្រធាន មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោកប្រធានមន្ទីរពេទ្យខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកអភិបាល អភិបាលរងក្រុង លោកមេភូមិ ចៅសង្កាត់ យុវជនស.ស.យ.ក ក្រុមគ្រូពេទ្យប្រជាពលរដ្ឋ ប្អូនៗក្មួយៗ និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃនេះ គឺជាការគិតគូដោយយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់ក្មួយៗ ដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រការពារប្រឆាំងនឹងជំងឺឆ្លងរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសវ៉ាក់សាំងនេះអាចជួយកាត់បន្ថយការឆ្លងរាលដាលបានមួយផ្នែកធំ ស្របពេលដែលរាជរដ្ឋាភិបាលគ្រោងនឹងបេីកសាលាអោយក្មួយៗចូលរៀនឡេីងវិញនៅពេលខាងមុខនេះ ផងដែរ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ការចាក់វ៉ាក់សាំងនៅក្នុងខេត្តស្វាយរៀង សម្រាប់កុមារ ចាប់ពីអាយុ០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំនៅក្នុងខេត្តដែលរដ្ឋបាលខេត្តបានរៀបចំនិងចាប់ផ្តើមចាក់ជូន ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ មានតាមពេលវេលា និងទីតាំងដូចខាងក្រោម (ពេលព្រឹកពីម៉ោង ៧:៣០ ដល់ម៉ោង១១:៣០ នាទី ពេលរសៀលពីម៉ោង ១រសៀល ដល់ម៉ោង៤រសៀល) រៀងរាល់ថ្ងៃរហូតដល់ថ្ងៃបញ្ចប់យុទ្ធនាការចាក់ជាស្ថាពររួមមាន៖
១- ក្រុងស្វាយរៀង :មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
២-ក្រុងបាវិត : មន្ទីរពេទ្យបង្អែកជីភូ
៣-ស្រុកកំពង់រោទិ៍ : មណ្ឌលសុខភាពញរ
៤- ស្រុកស្វាយទាប : មន្ទីរ ពេទ្យ បង្អែកស្វាយទាប
៥- ស្រុករំដួល : មណ្ឌលសុខភាពថ្នាធ្នង់
៦- ស្រុកចន្ទ្រា : មណ្ឌលសុខភាព មេសថ្ងក
៧- ស្រុកស្វាយជ្រំ : មណ្ឌលសុខភាពតាសួស – មណ្ឌលសុខភាពអង្គតាសូ – មណ្ឌលសុខភាពមិត្តភាពកម្ពុជា-កូរ៉េ ឈេីទាល។
៨-ស្រុករមាសហែក :ទីតាំងអតីតសាលាស្រុករមាសហែក – មណ្ឌលសុខភាពអំពិល – មណ្ឌលសុខភាពអង្គប្រស្រែ។
ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វេីការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលមានអយុចាប់ពី១៨ឡេីង មិនទាន់ទទួលបានការចាក់វ៉ាក់សាំងសូមអញ្ជេីញទៅទទួលចាក់អោយបានគ្រប់ៗគ្នានៅទីតាំងដែល រដ្ឋាបាលក្រុង-ស្រុកបានរៀបចំ កន្លងមក និងកំពុងដំណេីរការចាក់ជារៀងរាល់ថ្ងៃ។
ទន្ទឹមនេះឯកឧត្តមក៏សូមអំពាវនាវដល់ឪពុកម្តាយដែលនាំកូនមកទទួលការចាក់វ៉ាក់សាំងត្រូវមកតាមការកំណត់របស់អាជ្ញាធរ និងសូមជៀសវាងមកប្រជ្រៀតគ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ បាត់ការរក្សាគម្លាតសុវត្ថិភាពជាដើម ហេីយក្រោយទទួលបានវ៉ាក់នេះរួចសូមបន្តប្រកាន់ភ្ជាប់នូវវិធានការ”៣ការពារ ៣កុំ”របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន។