អភិបាលខេត្តពោធិ៍សាត់ឯកឧត្តម ម៉ៅ ធនិន អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវិដ១៩ជូនដល់ប្អូនៗកុមារចាប់ពីអាយុ៦ឆ្នាំដល់អាយុក្រោម១២ឆ្នាំ

ដោយ៖សុក្ខារិន

ខេត្តពោធិ៍សាត់:នៅថ្ងៃទី១៧កញ្ញា២០២១នេះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌខេត្ត បានអញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារ ដែលចាប់ពីអាយុ៦ឆ្នាំ រហូតដល់ក្រោម១២ឆ្នាំ។

ពិធីនេះបានធ្វើឡើង នៅក្នុងបរិវេណសាលាបឋមសិក្សាពោធិ៍សាត់ និងសាលាបឋមសិក្សាព្រៃញី ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ឯកឧត្តម ម៉ៅ ធនិន បានមានប្រសាន៍ថា ការចាក់វ៉ាក់សាំងដូសទី១ សម្រាប់ប្អូនៗក្មួយៗកុមារនៅពេលនេះ គឺជាការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា មកលើកុមារដែលមានអាយុចាប់ពី ៦ឆ្នាំ រហូតដល់១២ឆ្នាំ ក្នុងគោលបំណងជំរុញឱ្យមានការបើកសាលាបឋមសិក្សាឡើងវិញ គ្រាដែលប្អូនៗកុមារដែលមានអាយុ១២ឆ្នាំ រហូតដល់១៨ឆ្នាំ បាននឹងកំពុងតែបន្តចាក់វ៉ាក់សាំងដូសបន្ត ហើយឈានទៅដល់ការបើកសាលា ឱ្យដំណើរការទូទាំងប្រទេស។

ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់បានបញ្ជាក់ទៀតថា បើទោះបីជាសិស្សានុសិស្ស ឬប្អូនៗកុមារតូចៗ ដែលបានទទួលការចាក់វ៉ាក់សាំង នឹងត្រូវបានចូលរៀននៅសាលាសារជាថ្មីក្តី ក៏ក្មួយៗត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវអនុវត្តតាមការណែនាំរបស់ រាជរដ្ឋាភិបាលក៍ដូចជាក្រសួងសុខាភិបាលអនុវត្តន៍វិធានការ «៣កុំ ៣ការពារ» ដោយមុននឹងចូលសាលាត្រូវពាក់ម៉ាស បាញ់អាល់កុល ឬជែលសម្លាប់មេរោគ និងរក្សាគម្លាតសុវត្ថិភាព ដើម្បីបង្ការទប់ស្កាត់ការ ឆ្លងមេរោគកូវិដ១៩ដ៏កាចសាហាវនេះ។

ប្រជាពលរដ្ឋ ដែលជាមាតាបិតា និងអាណាព្យាបាលរបស់សិស្សានិសិស្ស បានសម្តែងងនូវសេចក្តីត្រេកអរឥតឧបមា ដោយបានឃើញកូនចៅជាទីស្រឡាញ់របស់ពួកគាត់ បានទទួលវ៉ាក់សាំងការពារ ជំងឺកូវីដ១៩ ហើយពួកគាត់ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរិះរកវ៉ាក់សាំងមកចាក់ជូនពលរដ្ឋ ដោយឥតគិតថ្លៃ។

ជាមួយគ្នានោះ ពួកគាត់បានសប្បាយចិត្តជាខ្លាំង ខណៈពេលដែលកូនៗចៅៗរបស់ពួកគាត់ បានចូលរៀនសារឡើងវិញ បន្ទាប់ពីបិទសាលាមួយរយៈកន្លងមក និងសង្ឃឹមថាមេរោគដ៏សាហាវនេះ ឆាប់រលាយសូន្យនាពេលខាងមុខ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *