ដោយ៖ សុក្ខារិន
ខេត្តកំពង់ឆ្នាំង : លោក ឈុន សុខកុម្ភះ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង បានអំពាវនាវឲ្យប្រជាពលរដ្ឋមកពិនិត្យមើល ទិន្នន័យក្បាល ដី របស់ ខ្លួន ឲ្យបាន ច្បាស់លាស់ជៀសវាងខុស កម្មសិទ្ធិ រួម ជា របស់ប្តី របស់ប្រពន្ធ ជារបស់ឪពុកម្តាយ ខុស ឈ្មោះ ថ្ងៃខែឆ្នាំកំណើត ឬបាត់ទំហំដីជាដើម ដើម្បីសម្រួលឲ្យមន្ត្រីជំនាញ ធ្វើការកែតម្រូវឡើងវិញ ឲ្យបានត្រឹមត្រូវ មានតម្លាភាព សំដៅពន្លឿនដល់ការចេញ ប័ណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់ជូនប្រជាពលរដ្ឋ។
ការអំពាវនាវនេះធ្វើឡើងនៅក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្នុងការចុះបញ្ជី ដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិ ទូលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ ដែលមានក្បាលដីចំនួន៩៨៧ ក្បាលដី ។
លោកឈុន សុខកុម្ភះ បានបញ្ជាក់ថា នេះជាដំណាក់កាលចុងក្រោយហើយ មុននឹងយកទិន្នន័យដែលបានបិទផ្សាយនេះទៅបោះពុម្ពជាប័ណ្ណកម្មសិទ្ធិ ប្រគល់ ជូន បងប្អូន ប្រជាពលរដ្ឋ ហើយការបិទផ្សាយក្បាលដីនេះ គឺមានរយៈពេលតែ១៥ថ្ងៃប៉ុណ្ណោះ ដោយគិតចាប់ពីថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ នៅក្នុងបរិវេណវត្តអារញ្ញិការាម ស្ថិតនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ដោយបានប្រព្រឹត្តទៅក្រោមវត្តមានរបស់លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង និងមានការចូលរួមពីលោក លោកស្រីមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាននិងតំណាងអង្គការផងដែរ ។
លោកអនុប្រធានមន្ទីរបានបញ្ជាក់ទៀតថា ក្នុងរយៈពេលនេះគឺបងប្អូនជាម្ចាស់ក្បាលដីសូមយកភ្ជាប់ជាមួយចុងសន្លឹកក្បាលដី អត្តសញ្ញាណប័ណ្ណ រឺសៀវភៅគ្រួសារ ដើម្បីធ្វើការផ្ទៀងផ្ទាត់តើត្រឹមត្រូវ រឺខុសឆ្គងអាចប្តឹង ឬជំទាស់តវ៉ាមកក្រុមមន្ត្រីជំនាញ ដែលនៅប្រចាំការជាប្រចាំគិតទាំងថ្ងៃឈប់សម្រាក់ ប្រសិនបើក្នុងករណីរកឃើញថាមានកំហុសណាមួយលើទិន្ន័យក្បាលរបស់ខ្លួន ដើម្បីឲ្យមន្ត្រីជំនាញធ្វើការងារកែសម្រួលឲ្យត្រឹមត្រូវឡើងវិញ។
ថ្លែងក្នុងពិធីនោះលោក យិន សាវ៉េនអភិបាលក្រុងខេត្ត បានមានប្រសាសន៍ថា ការចុះបញ្ជីរដីជាលក្ខណះប្រព័ន្ធ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងដំណើរនៃការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានត្រឹមត្រូវ ដើម្បីការបង្កើនសុវត្ថិភាពលើការកាន់កាប់ និងប្រើប្រាស់ដីធ្លីស្របច្បាប់ ស្របតាមប្លង់គោល និងប្លង់ហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុង កាត់បន្ថយទំនាស់ដីធ្លី ធ្វើអោយដីមានតម្លៃងាយស្រួលក្នុងការទិញលក់។
លោកអភិបាលក្រុងបានបន្តទៀតថា ដើម្បីអោយដំណើរការនៃការបិទផ្សាយនេះ មានភាពរលូន អាជ្ញាធរមូលដ្ឋាន ត្រូវផ្តល់កិច្ចសហការអោយបានជាប់ជាប្រចាំជាមួយមន្រ្តីជំនាញ និង ប្រជាពលរដ្ឋជាម្ចាស់ដី ក្នុងការជួយពិនិត្យនូវទិន្ន័យក្បាលដីឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ផងដែរ។ ក្នុងឱកាសនោះលោកអភិបាលក្រុងក៍បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានភូមិ សង្កាត់ត្រូវធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ធដែលមានកូនចាប់ពីអាយុ៣ឆ្នាំដល់១២ឆ្នាំទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ អោយបានគ្រប់ៗគ្នា ព្រមទាំងអនុវត្តតាមវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួន៣កុំ និង៣ការពារ ដើម្បីជៀសផុតពីជំងឺប្រភេទថ្មីគឺដែលតា (Delta ) ។
តាមការបញ្ជាក់របស់លោក គុយ វន្នី ប្រធានក្រុមគ្រប់គ្រងតំបន់វិនិច្ឆ័យសង្កាត់កំពង់ឆ្នាំង ការកំណត់ព្រំវិនិច្ឆ័យ និងប្រមូលទិន្នន័យភូមិទូលក្រឡាញ់មានចំនួន៩៨៧ក្បាលដី ក្នុងនោះមាន :ដីកសិកម្ម ចំនួន១៧ ក្បាលដី ដីលំនៅឋានចំនួន ៩៦៥ក្បាលដី ដីសាលាឆទានចំនួន ០១ក្បាលដី ដីប៉ុស្តិ៍រដ្ឋបាលចំនួន០១ក្បាលដី ដីសួនច្បារចំនួន០១ក្បាលដី និងដីរដ្ធបាល ( មន្ទីរអប់រំ និងកីឡា មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ)ចំនួន០២ក្បាលដី ៕