ត្បូងឃ្មុំ : ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល ខេត្តត្បូងឃ្មុំ អមដំណើរដោយ មន្ត្រី ពាក់ព័ន្ធ និង អាជ្ញាធរ មូលដ្ឋាន នាព្រឹក ថ្ងៃទី ១៦ ខែកញ្ញា ឯ២០២១ នេះ បាន អញ្ជើញ ចុះពិនិត្យ ស្ថានភាព ប្រជាពលរដ្ឋ រស់ នៅ ក្នុង តំបន់ បិទខ្ទប់ នៅក្រុងសួង និងស្រុកត្បូងឃ្មុំ ព្រមទាំងបាន នាំយកស្បៀងអាហារ និងថវិកា ផ្តល់ ជូន កងកម្លាំងដែលកំពុងឈរជើង ការពារ ផងដែរ ។
ក្នុង ឱកាសនោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានណែនាំដល់មន្ត្រី នគរបាល ទាំងអស់ ត្រូវបន្តធ្វើកិច្ចការពារសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ ស្របតាមគោលនយោបាល «ភូមិ-ឃុំមានសុវត្ថិភាព» ក៏ដូចជាបន្តឈរជើងនូវគោលដៅបិទខ្ទប់នេះឲ្យបានល្អ ដើម្បីបញ្ចៀសការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
ឯកឧត្តម អភិបាលខេត្ត បាន អំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យ បន្តអនុវ្តតន៍ឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព នូវវិធានការ ៣ការពារ ២កុំ របស់ ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដើម្បីខ្លួនយើង ក្រុមគ្រួសារយើង សហគមន៍យើង និងប្រទេសជាតិយើងទាំងមូល ជៀសផុត ពីជំងឺដ៏អន្តរាយនេះ។
ជាមួយគ្នា នោះ ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការសំណេះសំណាលលើកទឹកចិត្ត ដល់អាជ្ញាធរ និងកងកម្លាំងកំពុងឈរជើង១២គោលដៅ លើទីតាំងបិទខ្ទប់២ខាងលើ សរុប៨៤នាក់ ដោយបានឧបត្ថម្ភ មី៦៥កេស ទឹកសុទ្ធ៣០កេស ម៉ាស២កេស អាកុល៣កាន និងថវិកាក្នុងម្នាក់២ម៉ឺនរៀល សរុប១,៦៨០,០០០រៀល ។
ដោយឡែក ក្នុង ឱកាស នោះ ដែរ ឯកឧត្តម ជាម ច័ន្ទសោភ័ណ និងក្រុមការងារ ក៏បានបន្តចុះពិនិត្យផ្លូវមួយខ្សែដែលខូចខាតដោយទឹកភ្លៀងជន់លិច ដើម្បីក្តាប់ពីទំហំ នៃការខូចខាត ងាយស្រួលក្នុងការវាយតម្លៃលើការងារជួសជុលឡើងវិញ ក៏ដូចជាបន្តចុះពិនិត្យទីតាំងទីទួលសុវត្ថិភាព មានផ្ទៃក្រឡា១៥ហិកតា ត្រៀមសម្រាប់ពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ មកស្នាក់នៅបណ្តោះអាសន្ន ស្ថិតក្នុងឃុំទន្លេបិទ ស្រុក ត្បូងឃ្មុំ ផងដែរ ៕