ជនមានពិការភាពចូលរួមអង្គសិក្ខាសាលាដែលរៀបចំដោយអង្គការសាអូរី ខេត្តកំពង់ឆ្នាំង នៅសណ្ឋាគារសុវណ្ណភូមិ

ខេត្តកំពង់ឆ្នាំង :អភិបាលរងខេត្តកំពង់ឆ្នាំងលោកជំទាវ ប៊ន សុភី  មានប្រសាសន៍លើកឡើង ថា ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់  លើជនមានពិការភាព ដោយអភិវឌ្ឍន៍  ស្ត្រី កុមារី និងជនមានពិការភាព ឱ្យមានភាពរឹងមាំ និងមានសមត្ថភាពកាន់តែប្រសើរឡើង ដើម្បីរស់ក្នុងសង្គមជាតិ ដូចមនុស្សធម្មតាផងដែរ ។

មានប្រសាសន៍បែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសិក្ខាសាលាស្ដីពី សកម្មភាពយេនឌ័រ វិស័យទឹកស្អាត និងអនាម័យ ដែលរៀបចំដោយអង្គការ សាអូរី នៅក្នុងសណ្ឋាគារសុវណ្ណភូមិនៅរសៀលថ្ងៃទី 23 ខែមិថុនាឆ្នាំ 2021ម្សិលមិញ ។

ក្នុងនោះគេសង្កេតឃើញមានការចូលរួម ពី មន្ទីរស្ថាបន័ពាក់ព័ន្ឋ តាមប្រព័ន្ធហ្សូម និងដោយមានការចូលរួមដោយផ្ទាល់ពីជនមានពិការភាពក្នុងខេត្តកំពង់ឆ្នាំង។

អភិបាលរងខេត្តលោកជំទាវ ប៊នសុភី បានលើកឡើងបន្តទៀតថា៖ សន្និបាតរបស់អង្គការ សាអូរី លើជនដែលមានពិការភាពនៅថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដោយផ្តោតទៅលើសកម្មភាពយេនឌ័រ ជនមានពិការភាព និងអនាម័យ ដែលរាជរដ្ឋាភិបាលបាននិងកំពុង តែយកចិត្តទុកដាក់ និងអភិវឌ្ឍដល់ស្ត្រី កុមារី និងជនដែលមានពិការភាព ឱ្យមានភាពប្រសើរឡើង ដោយមិនទុកចោលឱ្យពួកគាត់នៅឯកកោរ នោះឡើយ ។

ហេតុនេះហើយបងប្អូនដែលជាជនមានពិការភាព ត្រូវមានក្តីសង្ឃឹម ជឿជាក់ទុកចិត្តដល់ រាជរដ្ឋាភិបាល ដែលបានប្រឹងប្រែងលើក កម្ពស់ដល់ជនមានពិការភាព ឲ្យមានទំនុកចិត្តនិង ប្រសើរឡើងវិញ ។

 

ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានព្យាយាម យកចិត្តទុកដាក់ ក្នុងការលុបបំបាត់អំពើហិង្សា លើស្ត្រី  កុមារី និងជនមានពិការភាព ។

បច្ចុប្បន្ន បើទោះជារាជរដ្ឋាភិបាលបានបង្កើតឲ្យមានអង្គការ ជាដៃគូ និងមន្ទីរជំនាញ យកចិត្តទុកដាក់ទប់ស្កាត់អំពើហិង្សា លើស្ត្រី កុមារី ជនមានពិការភាព យ៉ាងណាក្តី ក៏អំពើហិង្សានិងការរើសអើងនៅតែកើតមានឡើង តិចតួចផងដែរ ។

ប៉ុន្តែសូមបងប្អូនកុំអសង្ឃឹម សូមប្រឹងប្រែងព្យាយាមដោយសុឆន្ទៈ ដើម្បីប្រែក្លាយខ្លួន អោយជាមនុស្សមានតម្លៃ ដើម្បីឆ្លើយតប ទៅនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងសូមកុំធ្វើជាដុំដីដោយឥតប្រយោជន៍ ។

ជាចុងក្រោយលោកជំទាវអភិបាលរងខេត្ត ក៏មិនភ្លេចផ្តាំផ្ញើដល់បងប្អូន ជាជនមានពិការភាព សូមប្រុងប្រយ័ត្នចំពោះឃាតករលាក់មុខ គឺជំងឺកូវីដ19  ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមសេចក្តីណែនាំរបស់រាជ  រដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ស្ដីពីការអនុវត្ត៣កុំនិងការពារ ដើម្បីរូមចំណែកទុបស្កាត់កូវីដ-១៩។

យោងតាមសេចក្តីរាយការណ៍ របស់លោកស្រី អ៊ុ អមរារ័ត្ន ប្រធានអង្គការ សាអូរី ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា សិក្ខាសាលាបានផ្តោតជាសំខាន់ទៅលើសកម្មភាពយេនឌ័រ វិស័យកម្មភាពទឹកស្អាត និងអនាម័យដើម្បីឲ្យមានការចូលរួម ពីមន្ទីរពាក់ព័ន្ធនិងអង្គភាពនានា ពិសេសអង្គការជាដៃគូ ក្នុងការជួយដល់ស្ត្រី ដែលមានពិការភាព និងកុមារី ពិសេសលើការប្រើប្រាស់បង្គន់អនាម័យ ។

សិក្ខាសាលាបានប្រព្រឹត្តទៅក្នុងរយៈពេល ២ថ្ងៃ គឺថ្ងៃទី 22 និង 23 ខែមិថុនា ជាលទ្ធផលបានល្អប្រសើរ បើទោះបី ជនមានពិការភាពខ្លះមានពិការសតិបញ្ញា ខ្លះ គរថ្លង់ និងមិនចេះអក្សរ យ៉ាងណាក្តី ក៏ពួកគាត់ជាយាមមើលរូបភាព និងស្វែងយល់ ពីការបង្ហាញតាមរយៈ វីឌីអូរ (ស្លាយ) ផងដែរ ៕សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *