ឯកឧត្តម ញឹក បានខេង នាំយកអំណោយលោកជំទាវគតិសិង្ហបណ្ឌិត ម៉ែន សំអន និងលោកជំទាវឧកញ៉ា អ៊ឹង ស៊ីស្រ៊ន ចែកជូនប្រជាពលរដ្ឋចំនួន៣០២គ្រួសារ នៅស្រុកសន្ទុក

 

កំពង់ធំ៖ ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ នាំយកអំណោយលោកជំទាវគតិសិង្ហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងលោកជំទាវឧកញ៉ា អ៊ឹង ស៊ីស្រ៊ន ព្រមទាំងសប្បុរសជន ចែកជូនប្រជាពលរដ្ឋចំនួន៣០២គ្រួសារ ដែលទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅភូមិកាលមេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២។ថ្លែងនៅក្នុងកម្មវិធីនេះ ឯកឧត្តម ញឹក បានខេង បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីលោកជំទាវគតិសិង្ហបណ្ឌិត ម៉ែន សំអន ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែគិតគូអំពីបញ្ហាទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងនៅគ្រប់ទីន្លែង ដោយមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាមួយអត់ស្បៀងនោះឡើយ។ ឯកឧត្តមបន្ថែមទៀតថា អំណោយដែលត្រូវចែកជូននៅពេលនេះ គឺយើងធ្វើការចែកជូនបងប្អូនប្រជាពលរដ្ឋមិនបានគ្រប់គ្នានោះទេ យើងជ្រើសរើសយកតែប្រជាពលរដ្ឋណាដែលទទួលរងនូវផលប៉ះពាល់ទឹកជំនន់ខ្លាំង និងមានជីវភាពខ្វះខាតជាងគេតែប៉ុណ្ណោះ។ ទន្ទឹមនឹងនោះ ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរក្សាសុខភាពឱ្យបានល្អ នូវអនាម័យបីប្រការគឺ(ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត)។ ម្យ៉ាងវិញទៀត ត្រូវការពារខ្លួន និងការពារក្មេងៗ កុំឲ្យលេងទឹក ដើម្បីជៀសវាងជួបគ្រោះថ្នាក់ដោយសារទឹកជំនន់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា និងលុបបំបាត់បញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន។ លើសពីនេះទៀតថា សូមមេត្តាយកចិត្តទុកដាក់ និងចូលរួមចាក់ថ្នាំការពារជំងឺកូវីដ១៩ ទាំងអស់គ្នាបន្តទៀត ដើម្បីខ្លួនយើង និងសង្គមជាតិ និងកុំភ្លេចទៅចូលរួមចុះឈ្មោះបោះឆ្នោតនៅថ្ងៃទី២០ ខែតុលាខាងមុខនេះ ដើម្បីយើងមានឱកាសទៅបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដែលអាចរក្សានូវសុខសន្តិភាពបន្តទៅទៀត។ គួរបញ្ជាក់ផងដែរថា អំណោយដែលត្រូវចែកជូននៅពេលនេះ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ មី ទឹកត្រី និងទឹកស៊ីអ៊ីវ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *