ដោយ៖សុក្ខារិន
ខេត្តកំពង់ឆ្នាំង :រថយន្តជាច្រើនរយគ្រឿងត្រូវបានកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ 5 ប្រមាណជាង២ម៉ោងចំណុចក្បាលដំរី ព្រំប្រទល់ខេត្តកំពង់ឆ្នាំងនិងស្រុកក្រគខេត្តពោធិ៍សាត់ដោយសាររឿងទំនាស់ដីធ្លី ។
ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី 19 ខែកញ្ញាឆ្នាំ 2021ក្រោយការផ្ទុះការតវ៉ានិងមានលើកបដាបិទផ្លូវជាតិដែលធ្វើអោយអាជ្ញាធស្រុកបរិបូណ៍បានចុះធ្វើការសម្របសម្រួលប្រជាពលរដ្ឋព្រមបើកផ្លូវឲ្យដំណើរការវិញផងដែរ ។
លោក ឃួនសាវរុំ ប្រធានក្រុមប្រឹក្សាអភិបាលរងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ ឲ្យដឹងថា ការវិវាទដីធ្លី រវាងប្រជាពលរដ្ឋចំនួន 4 ឃុំ ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ជាមួយរដ្ឋបាលសាលាខេត្តពោធិ៍សាត់បានអូសបន្លាយជាច្រើនឆ្នាំណាស់មកហើយ ដោយមានការសម្របសម្រួលដោះស្រាយជាច្រើនលើក ច្រើនសារ ប៉ុន្តែមិនមានភាពត្រូវរ៉ូវគ្នា និងចុងក្រោយកើតមានការឈូសដីស្រែប្រាំងរបស់ពួកគាត់ទៀតផងទើបបានជាកើតផ្ទុះការតវ៉ាបិទផ្លូវ នៅឡើង ។
ប្រធានក្រុមប្រឹក្សាស្រុកបរិបូណ៌បានបញ្ជាក់ពីប្រវត្តិ នៃដីទំនាស់នេះថា ជាច្រើនឆ្នាំមកហើយនោះ ប្រជាពលរដ្ឋចំនួន 4 ឃុំ ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងបានទៅធ្វើស្រែប្រាំងនៅ ចំណុចចាន់ជ្វា ចាន់ត្រក ខ្មោចម៉ារាម និងទូកមាស ជាដើម ដែលជាទឹកដី របស់ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍ សាត់។
ក្នុងនោះពួកគាត់ មានផ្ទៃដីស្រែប្រាំង ក្នុងម្នាក់ៗ ចាប់ពី1ហិតាឡើងដល់ 3 ទៅ4 ហិតា ប៉ុន្តែក្រោយមករដ្ឋបាលខេត្ត ពោធិ៍សាត់បានសម្រេចរឹបអូសយកដី ទាំងនោះវិញ ព្រោះជាទឹកដី គ្រប់គ្រងដោយរដ្ឋបាលខេត្តពោធិ៍សាត់។
ប្រជាពលរដ្ឋ ដែលអាស្រ័យផលលើដី ទាំងនោះ លើកឡើងថាដីស្រែប្រាំងនេះគាត់បានកាន់កាប់តាំងពីដូនតាមកហើយការអស្រ័យផលរបស់ពួកគាត់លើស្រូវស្រែប្រាំង នោះហើយ បើដកដីនេះពីពួកគាត់ដូចសម្លាប់គាត់អញ្ចឹង ។
ក្រោយផ្ទុះការតវ៉ាជាបន្តបន្ទាប់ជាច្រើនលើកច្រើនសារ និងលើកចុងក្រោយ មក រដ្ឋបាលសាលាខេត្តពោធិ៍សាត់ បានសម្រេចប្រគល់ដីចំនួនកន្លះ ហិតាឲ្យពួកគាត់ ក្នុងមួយគ្រួសារៗ គឺក្បាល 50 និងបណ្ដោយ 100 ម៉ែត្រជាដីឡូតិ៍ ដែលពួកគាត់មិនអាចធ្វើស្រែប្រាំងបានឡើយ មិនត្រឹមតែប៉ុណ្ណោះថ្មីៗនេះរដ្ឋបាលសាលាខេត្តពោធិ៍សាត់បានដាក់គ្រឿងចក្រមកឈូសឆាយលើស្រែប្រាំងរបស់ពួកគាត់ ដោយលើកជាផ្លូវដាក់បង្គោលភ្លើង ក្នុងគម្រោងអ្វីមួយ មិនអាចយល់បានព្រោះជាទឹកដីរបស់រដ្ឋបាលសាលាខេត្តពោធិ៍សាត់ ។
ប្រធានក្រុមប្រឹក្សាស្រុកបរិបូរណ៍បានបញ្ជាក់ថាក្នុងនាមលោកជារដ្ឋបាលស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំងបានត្រឹមតែចុះសម្របសម្រួលជាច្រើនលើកច្រើនសារតែប៉ុណ្ណោះមិនអាចដឹងអ្វីបានទេ ។
ដោយឡែកលោក ឃួន សៅរុំ ប្រធានក្រុមប្រឹក្សាស្រុកបរិបូណ៌នៅយប់ថ្ងៃទី 19 នេះតាមទូរស័ព្ទឲ្យដឹងថា ក្រោយពីមានការសម្របសម្រួល ប្រជាពលរដ្ឋព្រមដកថយនិងបើកផ្លូវឲ្យដំណើរការវិញបន្ទាប់ពីបិទចរាចរណ៍ជាង2ម៉ោង ដែលធ្វើឱ្យកកស្ទះរថយន្តរាប់រយគ្រឿងនោះមក។
លោកប្រធានក្រុមប្រឹក្សាស្រុក បរិបូរណ៍បានបញ្ជាក់អោយដឹងថាពួកគាត់សម្រេចបើកផ្លូវឲ្យដំណើរការវិញក៏ដោយសារថ្ងៃស្អែកទី 20 ខែកញ្ញានេះ តំណាងប្រជាពលរដ្ឋទាំងនោះនឹងមកជួបពិភាក្សាដោះស្រាយជាមួយអាជ្ញាធរខេត្តកំពង់ឆ្នាំង ដើម្បីរកវិធីថាតើគួរធ្វើយ៉ាងណាដើម្បីទទួលយកបានទាំងអស់គ្នារវាងប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង និងរដ្ឋបាលខេត្តពោធិ៍សាត់ផងដែរ ៕