ត្បូងឃ្មុំ: ឯកឧត្តម ជាម ច័ន្ទសោ័ណ អភិបាលខេត្តត្បូងឃ្មុំ អមដំណើរដោយ ថ្នាក់ដឹកនាំ មន្ទីរអង្គភាព ពាក់ព័ន្ធ និងអាជ្ញាធរ មូលដ្ឋាន នាព្រឹក ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២១ នេះ បាន អញ្ជើញ ចុះសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ និងសម្ភារ មួយចំនួន ប្រគេនជូនព្រះសង្ឃជាង ១៥៩ អង្គ និងលោកតា លោកយាយ នៅវត្តទួលទ្រាត្បូង ស្ថិតនៅភូមិ ទួលទ្រាត្បូង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលកំពុងធ្វើចត្តាឡីស័ក និងកំពុងយកសំណាក ដោយក្រុមការងារគ្រូពេទ្យចុះយកសំណាក នៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានធ្វើតេស្តរហ័សកូវីដ-១៩ (Rapid Test) បានរកឃើញមានឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៨អង្គ/នាក់ និងកំពុងពិនិត្យបន្ត ។
ឆ្លៀតក្នុងឳកាសនោះ ដែរ ឯកឧត្តម ជាម ច័ន្ទ សោភ័ណ អភិបាលខេត្ត ត្បូងឃ្មុំ បានមានប្រសាសន៏លើកទឹកចិត្ត ដល់លោកអភិបាលស្រុក និងក្រុមគ្រូពេទ្យ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលបន្តនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ បានយ៉ាងល្អប្រសើរ តាមការណែនាំរបស់អាជ្ញាធរខេត្ត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្រោម ការ ដឹកនាំ ប្រកប ដោយ គតិបណ្ឌិត របស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ដែល តែងតែ មាន ការ ព្រួយ បារម្ភ និង គិតគូរពីសុខទុក របស់ បងប្អូន ប្រជាពលរដ្ឋ ។ បើតាម លោក សេង សុខឃឿន អភិបាលស្រុកត្បូងឃ្មុំ បាន ឲ្យ ដឹងថា ក្រុមការងារបានចុះមកយកសំណាកធ្វើតេស្តិ៍រហ័សរកមេរោគកូវីដ-១៩ នៅវត្តទួលទ្រាត្បូង លើព្រះសង្ឃគង់ក្នុងវត្តទួលទ្រាត្បូង វត្តទួលទ្រាជើង លោកតា លោកយាយជួយការងារក្នុងវត្ត និងអ្នកលក់ដូរដែលប៉ះពាល់ផ្ទាល់៤ផ្ទះ សរុបចំនួន ១៥៩អង្គ/នាក់ លទ្ធផលវិជ្ជមានកូវីដ-១៩ ចំនួន ៦៨អង្គ/នាក់ ។
លោក បន្តថា ក្នុងនោះព្រះសង្ឃវត្តទួលទ្រាត្បូង ៦៤អង្គ ព្រះសង្ឃវត្តទួលទ្រាជើង ២អង្គ លោកតា លោកយាយ ជួយការងារវត្ត ២នាក់ កំពុងដឹកជញ្ជូនទៅមណ្ឌលព្យាបាលខេត្ត និងអនុវត្តវិធានការចំពោះមុខ ដោយបិទវត្តទាំង២ និងគ្រួសារប៉ះពាល់ផ្ទាល់ចំនួន ៤គ្រួសារ រួមមានមនុស្សសរុបចំនួន ១១៧អង្គ/នាក់ និងដាក់កម្លាំងចាំត្រួតពិនិតបន្ត ។
លោកបានបន្តឲ្យដឹងទៀតថា ក្រោមការចង្អុលណែនាំរបស់ ឯកឧត្តមអភិបាលខេត្ត អាជ្ញាធរស្រុក ឃុំ ភូមិបានចុះណែនាំអ្នកប៉ះពាល់ប្រយោល ២៧៣នាក់ រួមជាមួយសមាជិកគ្រួសារធ្វើចត្តាឡីស័កតាមផ្ទះ និងបន្តតាមដានស្រាវជ្រាវមុខ សញ្ញាប៉ះពាល់ផ្ទាល់ និងប្រយោលបន្ថែមទៀត ដើម្បីកាត់ផ្តាច់ខ្សែចម្លងបន្តទៀត។
គួរ បញ្ជាក់ ថា ចំពោះអំណោយដែលបានប្រគេនជូនវត្ត ខាងលេី រួមមាននអង្ករ០៥តោន, ទឹកសុទ្ធ, មីខ្លាឃ្មុំក្រហម, ត្រីខកំប៉ុង និងថវិកា២លានរៀលផងដែរ ៕